ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប ក្នុងនោះផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូប នៅសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នគរបាលប៉ុស្តិ៍ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
តាមប្រកាសលេខ ៥១៤៩ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន ៣រូប ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ៖
១.សម្រេចតែងតាំងលោក ព្រំ ប៊ុន្នី តំឡើងឋានន្តរស័ក្តិ ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ១ មកជាឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ នៃក្រមខ័ណ្ឌមន្រ្តីក្រមការ ក្រសួងមហាផ្ទៃ និងតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។
២.តែងតាំងលោក សល់ឡេះ យូសុះ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។
៣.ផ្ទេរភារកិច្ច គង់ សោភា ឋានន្តរស័ក្តិ ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំលោកអភិបាលរងស្រុកទាំង ៣រូប ដែលសុទ្ធសឹងជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំ និងគ្រប់គ្រងនៅមូលដ្ឋាននាពេលកន្លងមកសំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អភិបាលខេត្ត បានសាទរជាមួយលោកអភិបាលរងស្រុកទាំង ៣រូប ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងស្រុកនាពេលនេះ។ រាជរដ្ឋាភិបាលបានបង្កើនគណៈអភិបាល នាយករដ្ឋបាលរាជធានីខេត្ត និងគណៈអភិបាលក្រុង ស្រុក និងនាយករដ្ឋបាលក្រុង ស្រុក ដែលជាតម្រូវការចាំបាច់នៅមូលដ្ឋាន និងបានថ្លែងការកោតសរសើរ នៃការបេ្តជ្ញាចិត្តរបស់លោកអភិបាលរងស្រុកថ្មី ស្របតាមទំហំការងារនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល ចំពោះគណៈអភិបាលខេត្ត ឬក្រុង ស្រុក ត្រូវបំពេញការងារមួយអាណត្តិមាន ៤ឆ្នាំ បើអស់លោកបំពេញការងារបានល្អ និងបន្ត៤ឆ្នាំថែមទៀត ក៏ប៉ុន្តែប្រសិនបើអស់លោក លោកស្រីបំពេញការងារបានពីរអាណត្តិស្មើនឹង ៨ឆ្នាំ ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ ម្យ៉ាងទៀតស្រុកព្រៃនប់មានជនជាតិខ្មែរឥស្លាមច្រើន ទើបរដ្ឋ បាលខេត្ត ក៏ដូចក្រសួងមហាផ្ទៃតម្រូវឱ្យមានខ្មែឥស្លាមនៅក្នុងគណៈអភិបាលខេត្ត ក្រុង ស្រុក ដើម្បីរួមគ្នាសម្រេចចិត្តបំរើផលប្រយោជជាតិ និងផ្តល់ធាតុចូលនៃការគិតពិចារណាគ្រប់ជ្រុងជ្រោយ នេះជាការសម្រេចចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសុខដុមរមនីយកម្មដឹកនាំទទូលបានផ្លែផ្កា ប្រកបដោយសមធម៌។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យគណៈអភិបាលស្រុកត្រូវស្វែងយល់អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាព ស្រុកព្រៃនប់ មានការងារច្រើនត្រូវដោះស្រាយជាងក្រុង ស្រុកទាំង ៥នៃខេត្តព្រះសីហនុ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ក្នុងភូមិសាស្ត្រកុំឱ្យកើតមានឡើងសារជាថ្មី ព្រោះល្បែងស៊ីសងវាប៉ះពាល់ដល់ជីវភាពគ្រួសារ និងបង្ករអសន្តិសុខដល់សង្គមជាតិ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ជំរុញការងារអភិវឌ្ឍឃុំ សង្កាត់ ក៏សាងសមិទ្ធផលថ្មីៗនៅក្នុងមូលដ្ឋាន ជំរុញការផ្តល់សេវារដ្ឋបាលសាធារណៈនៅតាមឃុំនីមួយៗ ដែលរដ្ឋបាលខេត្តបានដាក់ឱ្យដំណើការកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមក ទន្ទឹមនោះយើងក៏មានការប្រឡងប្រណាំងការបំរើសេវាសាធារណៈនៅតាមឃុំ សង្កាត់ទាំង ២៩ ក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យការប្រឡងប្រណាំងរបស់ឃុំ សង្កាត់នីមួយៗទទួលបានលទ្ធផលល្អនោះ គឺជំរុញឱ្យមន្ត្រីរបស់យើងចុះទៅបំរើសេវានៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងនៅជិតប្រជាពលរដ្ឋដូចជា ការជួយសម្រួលសំបុត្រមរណភាព សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម៕