ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាក្រុមកីឡាករ សមាគមកីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ ដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរលោកស្នងការខេត្ត ដែលបានបង្កើតក្រុមកីឡាបាល់ទះនេះឡើង ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅរាជធានីភ្នំពេញ។ ការលេងកីឡា គីជាក្តីរំពឹងជារឿងមួយ ក្តីប្រាថ្នាជារឿងមួយសម្រាប់ក្រុមរបស់យើង។ ម្យ៉ាងទៀតការលេងកីឡាបង្កើននូវសាមគ្គីភាព មិត្តភាពរវាងក្រុមកីឡាកមកពីបណ្តារាជធានី ខេត្ត កីឡានាំមកនូវសុខភាព នាំឱ្យយើងមានកម្លាំងមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមកីឡាបាល់ទះ និងគ្រូបង្វឹកដែលបានរួមគ្នាប្រឹងប្រែងបង្កើតក្រុមបាល់ទះនេះឡើង ព្រោះការប្រកួតកីឡា និងលេងកីឡាត្រូវរួមគ្នាជាក្រុម មិនអាចមានមោទនភាពចំពោះកីឡាករណាមួយបានឡើយ បើយើងរួមគ្នាជាក្រុម កត្តាទទួលបានជោគជ័យមានច្រើនសម្រាប់ក្រុមកីឡារបស់យើង ក៏ដូចជាការដណ្តើមជ័យជំនះសម្រាប់មុខមាត់ខេត្តព្រះសីហនុផងដែរ។ ម្យ៉ាងការចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោនេះ ជាតំណាងឱ្យខេត្តព្រះសីហនុ ហើយភាពជោគជ័យ វាអាស្រ័យការរួមសាមគ្គីគ្នាជាក្រុមទើបនាំយកភាពជោគជ័យសម្រាប់ខេត្តរបស់យើងទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម នឹងជឿជាក់ថា ក្រុមកីឡាករសមាគមកីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ នឹងខិតខំប្រកួតបញ្ចេញឱ្យអស់ពីបច្ចេកទេស ជំនាញរៀងៗខ្លួន ដើម្បីនាំមកនូវជ័យជំនះ កិត្តិយសជូនខេត្តព្រះសីហនុរបស់យើងជាក់ជាមិនខាន។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនកីឡាករចំនួន ១៧នាក់ ក្នុងម្នាក់ចំនួន ១.០០០.០០០រៀល និងឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀលដល់សមាគមកីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុក្នុងការដឹកនាំទៅប្រកួតនៅរាជធានីផងដែរ៕