រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងព្រះសីហនុចំនួន៣រូប ផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូបនៅសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង នាយករដ្ឋបាលសាលាក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់។
តាមប្រកាសលេខ ៥១៦៩ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន ៣រូប ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ៖
១.សម្រេចតែងតាំង លោក នងឌី ណារ៉ា ឋានន្តរស័ក្តិ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ
២.លោក សោម សេន ឋានន្តរស័ក្តិ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ
៣.ផ្ទេរភារកិច្ច លោក យឹម សុខសំអូន ឋានន្តរស័ក្តិ ថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ
លោក សរ កក្កដា អភិបាលអភិបាលក្រុងព្រះសីហនុ បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រក្នុងក្រុងព្រះសីហនុ ជាក្រុងមួយក្នុងចំណោមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ជាទីក្រុងកំពង់ផែ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកក្រុងព្រះសីហនុ ផ្លូវដែកបម្រើសេវាដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញបង្កើនកំណើនសេដ្ឋកិច្ចសង្គម។
លោក នងឌី ណារ៉ា អភិបាលរងក្រុងព្រះសីហនុថ្មី បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
១-សាមគ្គីភាពផ្ទៃក្នុង សហការជាមួយក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរាជការក្រោមឱវាទប្រកបដោយតម្លាភាព។
២-ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារជូនអង្គភាព ឱ្យបានលទ្ធផលជាផ្លផ្កា។
៣-ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្តឱ្យបានល្អ។
៤-ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងជាពិសេសចូលរួមជំរុញនិងលើកស្ទួយកំរិងជីវភាពរស់នៅរបស់ប្រជាពរដ្ឋឱ្យមានភាពល្អប្រសើរ។
៥-រង់ចាំទទួល និងអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំលោកអភិបាលរងក្រុងទាំង៣រូប ដែលសុទ្ធសឹងជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំ និងគ្រប់គ្រងនៅមូលដ្ឋានក្រុងព្រះសីហនុ សំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត បានសាទរជាមួយលោកអភិបាលរងក្រុងទាំង៣រូប ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលក្រុងឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ បន្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ៕