Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាស ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាស ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ

ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាស ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាពឯកឧត្តមគតិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលរាជធានី ខេត្តទាំង២៥ មន្ទីរ ស្ថាប័ន ធនាគារពិភពលោក និងអង្គភាពដៃគូសរុបប្រមាណ ៤៥០រូប នៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញ។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមគតិសេដ្ឋាបណ្ឌិត បានជម្រាបជូនអង្គពិធីទាំងមូល អំពីការធ្វើឌីជីថលូបនីយកម្ម ទៅលើការប្រមូលទិន្នន័យនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាដើមឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តម បានបញ្ជាក់ អំពីអត្ថប្រយោជន៍នៃប័ណ្ណសមធម៌ដែលគ្រួសារមានអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានមានដូចជា:
-ការថែទាំសុខភាពដោយឥតបង់ប្រាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ
-ការគាំពារសង្គមរបស់រាជរដ្ឋាភិបាល (ការឧបត្ថម្ភសាច់ប្រាក់)
-អាហារូបករណ៍ជាសាច់ប្រាក់ឬស្បៀងអាហារនៅតាមសាលាបឋមសិក្សា
-ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ
-ការតបណ្ដាញទឹកស្អាត ឬអគ្គិសនី
-សម្ភារកសិកម្មផ្សេងៗ (ធុងទឹក ចប ប៉ែល គ្រាប់ពូជ ពូជសត្វចិញ្ចឹម គោយន្ត) ជាដើម។
ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាលើកមតិយោបល់យ៉ាងផុសផុលអំពីនីតិវិធីក្នុងការសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ ធ្វើយ៉ាងណាឱ្យជនក្រីក្រ និងជនងាយរងហានិភ័យពិតប្រាកដជាអ្នកទទួលបានអត្ថប្រយោជន៍ខាងលើផងដែរ។