Home / ព័ត៌មានទូទៅ / លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកពីវឌ្ឍនភាពការងាររបស់ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ចាប់ពីឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២ ក្នុងនោះដែរអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការចូលរួមសម្រេចបានការងារដ៏ល្អកន្លងមក របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអន្តរាគមន៍ និងដោះស្រាយដល់ទីកន្លែងបានទាន់ពេលវេលានូវរាល់ទំនាស់ ឬវិវាទការងារ ដើម្បីធានាបាននូវការស្វែងរកដំណោះស្រាយជូនម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ក៏ដូចជាធានាបាននូវការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ ដែលបណ្តាលមកពីវិវាទការងារ ឬករណីរោងចក្រក្ស័យធន ឬករណីម្ចាស់រោងចក្ររត់ចោលជាដើម ដែលបានធ្វើអោយបញ្ហាកូដកម្ម បាតុកម្មទាមទារនៅតាមបណ្ដារោងចក្រ សហគ្រាសថយចុះយ៉ាងខ្លាំង នៅសេសសល់តែបញ្ហាខ្លះ ដែលការទាមទារកំពុងត្រូវបានដោះស្រាយ ឬបញ្ហាទាមទារខ្លះដែលហួសពីលទ្ធភាពដោះស្រាយ ដែលត្រូវរង់ចាំការសម្រេចពីតុលាការ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណដល់ គ.ក.ប. គ្រប់ថ្នាក់ ដែលបានខិតខំសម្រេចការងារកន្លងមកដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយបានចូលរួមធានាឱ្យមានប្រក្រតីភាពអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកនៃ អនុវត្តវិធានការបិទខ្ទប់ ការដោះស្រាយជួយដល់បងប្អូនកម្មករនិយោជិត ទាំងការចូលរួមចាក់វ៉ាក់សាំង ទាំងពេលបងប្អូនកម្មករឆ្លងជំងឺកូវីដ -១៩ ត្រូវយកដាក់នៅមណ្ឌលចត្តាឡីស័ក បញ្ជូនទៅមណ្ឌលព្យាបាល ចុះទៅស្វែងរកអ្នកពាក់ព័ន្ធ ។ល។ ហើយលើសពីនេះ គឺខិតខំជួយដល់ ថៅកែរោងចក្រ សហគ្រាស ហើយរក្សាបាននូវដំណើរការអាជីវកម្ម ផលិតកម្ម និងធានាអោយបងប្អូនកម្មករនិយោជិតអាចមានលទ្ធភាពទ្រទ្រង់នូវជីវភាពរស់បាន។
ដើម្បីជាមូលដ្ឋានពង្រឹងដល់ប្រសិទ្ធភាពការងាររបស់ គ.ក.ប បន្តទៀត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងទិសដៅមួយចំនួនរួមមាន៖
១. បន្តខិតខំអនុវត្តផែនការ និងបទបញ្ជា ស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០២០-២០២៤ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
២. គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា គ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បន្តតាមដានករណីរោងចក្រដែលបានព្យួរកិច្ចសន្យាការងារ ដើម្បីក្តាប់បានព័ត៌មានទាន់ពេលវេលាករណីរោងចក្របិទទ្វារមិនដំណើរការ ឬម្ចាស់រត់ចោល។
៣. ការដោះស្រាយករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោល ដើម្បីរឹបអូសទ្រព្យសម្បត្តិ លក់ឡៃឡុង បើកផ្តល់ជូនកម្មករនិយោជិត ឬទូទាត់សងថវិការដ្ឋ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីសេចក្តីជូន ដំណឹងលេខ ២៣៩ សជណ.អវ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
៤. គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ៕