នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ថ្ងៃនេះយើងបានជួបពិភាក្សាគ្នា ក៏ប៉ុន្តែយើងបានធ្វើការងារជាមួយគ្នាទាក់ទងនឹងជនអន្តោប្រវេសន៍ចិនលិចទូកក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលអាជ្ញាធរខេត្តបានជួយសង្គ្រោះជនរងគ្រោះ និងសាកសពនាពេលកន្លងមក។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អ។ ផ្តើមចេញពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតីចិន និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើនផ្លែផ្កាពីផ្នែកឯកជនផងដែរ។រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគ និងទេសចរណ៍ចិន មកកាន់ខេត្តព្រះសីហនុ វិនិយោគលើ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលបានដាក់ឱ្យដំណើរការសាកល្បងមានកម្លាំង ៧០០មេហ្កាវ៉ាត់។ ម្យ៉ាងទៀតការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្ក្រាបល្បែងស៊ីសងគ្រប់ទម្រង់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែសីហាមក មានបណ្តឹងដែលបានប្តឹងចូលតាមរយៈផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហតឡាញខេត្ត មានរហូតដល់២៥៣បណ្តឹង យើងរកឃើញអ្នកប្តឹង១២២ ក្នុងនោះមានបទល្មើស១៤ករណី ឃាត់ខ្លួនជនសង្ស័យ៦៧នាក់បញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។ ឯកឧត្តម អភិបាលខេត្ត ស្នើសុំឱ្យកុងស៊ុលចិន ជួយសម្របសម្រួលការងារមួយចំនួនមានដូចជា៖
១.ជួយពន្លឿនហិរញ្ញប្បទាន លើគម្រោងជួសជុលស្តារឡើងវិញផ្លុវជាតិលេខ៣ ពីវាលរេញ ទៅត្រពាំងរពៅដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ
២.ស្នើសុំជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ចិនមកខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើននាពេលខាងមុខ
៣.បន្តកិច្ចសហប្រតិបត្តិការល្អ។
លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ នេះជាលើកទី១ ដែលរូបលោក និងសហការីបានជួបសំណេះសំណាលជាផ្លូវការ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកាន់តែជិតស្និត និងរលូនហើយប្រទេសយើងទាំងពីរជាមិត្តដែកថែប។ ខេត្តព្រះសីហនុដើរតួនាទី នៃកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា។ ហើយការដាក់ឱ្យសាកល្បងផ្លូវល្បឿនលឿននេះជួយជំរុញអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យទេសចរណ៍ និងដឹកជញ្ជូន ហើយក៏ជាចំណុចចាប់ផ្តើមបន្តកំណើនទៅមុខទៀត។
លោកសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត និងនាំឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ហើយសហគ្រាសចិនដែលកំពុងវិនិយោគនៅខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។ ហើយការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នេះជាការផ្លាស់ប្តូររបស់ខេត្តព្រះសីហនុ។ លោកក៏បានបង្ហាញពីការបេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលការងារនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕