ព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២២ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់បរិស្ថានអនាម័យបន្ទប់ទឹកសាធារណៈតាមតំបន់ឆ្នេរដើម្បីចូលរួមឆ្ពោះទៅប្រលងប្រណាំងបន្ទប់ទឹកសាធារណៈកម្ពុជានិងអាស៊ាននៅចុងឆ្នាំ ២០២២ ដើមឆ្នាំ ២០២៣ខាងមុខ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះរដ្ឋបាលខេត្តក៏ដូចជាមន្ទីរបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងដែលកំពុងនឹងជួលបន្ទប់ទឹកពីរដ្ឋត្រូវរៀបចំឱ្យបានស្អាតដើម្បីចូលរួមប្រលងប្រណាំងបន្ទប់ទឹកសាធារណៈខាងមុខនិងត្រៀមឆ្ពោះទៅការទទួលភ្ញៀវទេសចរណ៍ក្នុងឱកាសខេត្តព្រះសីហនុ រៀបចំសន្និបាតក្លឹបឆ្នេរស្អាតពិភពលោកនិងរៀបចំបុណ្យសមុទ្រជាដើម។ ការចុះត្រួតពិនិត្យនាពេលនេះគឺដើម្បីពង្រឹងសណ្ដាប់ធ្នាប់សេវាកម្មអនាម័យឱ្យបានល្អប្រសើរជាប្រចាំនៅតាមតំបន់ឆ្នេរក៏ដូចជាទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិតែងតែមកលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុជាពិសេសនៅក្នុងថ្ងៃចុងសប្តាហ៍។
ក្នុងឱកាសចុះពិនិត្យបន្ទប់ទឹកសាធារណៈតាមតំបន់ឆ្នេរនេះដែរលោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុក៏បានផ្ដាំផ្ញើដល់ម្ចាស់មូលដ្ឋានអាជីវកម្មដែលជួលបន្ទប់ទឹកពីរដ្ឋបាលខេត្តបង្កើនការយកចិត្តទុកដាក់ចូលរួមពង្រឹងស្តង់ដាសេវាកម្មអនាម័យនៅតែបន្ទប់ទឹកសាធារណៈឱ្យបានល្អស្អាតជាប្រចាំដើម្បីត្រៀមចូលរួមប្រឡងនៅក្នុងតំបន់អាស៊ាននាពេលខាងមុខនេះឱ្យទទួលបានជ័យជំនះសម្រាប់ខេត្តព្រះសីហនុយើង៕