ព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់ស៊ីជម្រៅអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ និងជំរាបជូនគណៈប្រតិភូប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ដែលអញ្ជើញស្វែងយល់ការងារប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ កាលពីរសប្តាហ៍មុនទីនេះ ជាបញ្ជាការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅខេត្តព្រះសីហនុ។ ហើយចំពោះលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំ២០២២ ចាប់ពីខែមករា រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបើកប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងអយ្យការអមសាលាដំបូងខេត្ត និងមន្ទីរពាក់ព័ន្ធចុះប្រតិបត្តិការបានចំនួន ១៣៥ករណី ក្នុងនោះរកឃើញអ្នកប្តឹងចំនួន ៦០៦នាក់ ស្រី ១០០នាក់។ ក្នុងប្រតិបត្តិការចុះស្រាវជ្រាវរកឃើញពិរុទ្ធជន ២០ករណី មានដូចជា (បង្ខាំង ជួញដូរពលកម្ម ធ្វើការលើសម៉ោង) ដែលទាក់ទងសេរីភាពការងារ យើងបានចោទប្រកាន់អ្នកពាក់ព័ន្ធចំនួន ៩៥នាក់ និងបន្តការស្រាវជ្រាវតាមនីតិវិធី។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ចាប់ពីថ្ងៃទិ១៨ ខែសីហា រហូតមកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បណ្តឹងចូលតាមរយៈផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំនួន ២៥៣ករណី លើ ៦២ទីតាំង។ រាជរដ្ឋាភិបាលបានបញ្ជូនក្រុមការងារចុះប្រតិបត្តិការ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ២៤៩បណ្តឹង ៣បណ្តឹងនៅខេត្តក្រៅ និងមួយបណ្តឹងរកមិនឃើញ។ រកឃើញអ្នកប្តឹង ១២២ ករណី មានមនុស្ស ២៣៦នាក់ ក្នុងនោះមាន ១៤ករណី មានពិរុទ្ធជន និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ ទាក់ទងមានដូចជា (បង្ខាំងមនុស្ស ៥ករណី ជួញដូរមនុស្ស ៥ករណី អាជីវកម្មផ្លូវភេទ ២ករណី បើកល្បែងខុសច្បាប់ ១ករណី ប្រើប្រាស់អាវុធខុសច្បាប់ ១ករណី) ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជនបរទេសម្នាក់។ ក្នុងយុទ្ធនាការរយៈពេល ៤៥ថ្ងៃត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងមកនេះ ហើយមកដល់បច្ចុប្បន្នមិនមានបណ្តឹងថ្មីនោះទេ។ ដោយសារពួកឧក្រិដ្ឋជនប្រើប្រាស់ពលកម្មឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃ ទើបយើងពិបាកក្នុងការស្វែងរកភស្តុតាងចោទក្រកាន់ ទន្ទឹមនោះយើងចង់បានអ្នកដែលមានបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបទល្មើសនៃអំពើជួញដូរមនុស្សខុសច្បាប់ និងអ្នកមានបច្ចេកវិទ្យាផងដែរ។
លោកម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ដែលបានអនុវត្តសកម្មភាពរបស់ខ្លួនក្នុងប្រទេសជាង៤០ លើសកលលោក។ អង្គការ Winrock International បានធ្វើសកម្មភាពប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា តាមរយៈការទប់ស្កាត់ បង្ការ ការការពារជនរងគ្រោះ ការផ្តន្ទាទោស និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងដៃគូរផ្សេងៗទៀត។
លោកប្រធានអង្គការវីនរ៉ក់អន្តរជាតិ បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ ដែលបានចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយ ហើយការងារជួញដូរមនុស្សមិនមាននៅតែកម្ពុជានោះទេ ហើយការងារនេះវាមានការស្មុគស្មាញនៅក្នុងតំបន់។ តាមបទបិសោធន៍របស់អង្គការរបស់លោកនៅតំបន់អាស៊ានមានបទល្មើស នៃអំពើជួញដូរមនុស្សដែលបានបង្កើតឡើងតាមបណ្តាញនៃប្រទេសផ្សេងៗទៀត។ យុទ្ធសាស្រ្តរបស់អង្គការលើគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហានទី១.ចាប់អនុវត្តពីឆ្នាំ២០១១-២០១៦ ជំហានទី២. ២០១៦-២០២០ និងជំហានទី៣.២០២០-២០២២ យើងត្រូវបង្កើនការយល់ដឹងពីជនចំណាកស្រុក ដែលបង្កហានិភ័យនៃអំពើជួញដូរមនុស្ស។ អង្គការវីនរ៉ក់អន្តរជាតិកំពុងអនុវត្តសកម្មភាពគម្រោងរបស់ខ្លួននៅរាជធានីភ្នំពេញ ខេត្តចំនួន៨ មានដូចជា៖ រាជធានីភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ ដំបង កំពង់ចាម ព្រៃវែង កោះកុង និងខេត្តព្រះសីហនុ។ ទន្ទឹមនោះអង្គការចង់ស្វែងយល់បន្ថែមទៀត និងជាការចែករំលែកបទពិសោធន៍នៃអំពើជួញដូរមនុស្ស ដែលវាបានកើតឡើងក្នុងសម័យកូវីដ ដែលពួកឧក្រិដ្ឋជនបង្កើតបទល្មើស ពិសេសតាមរយៈបទល្មើសបច្ចេកវិទ្យា តាមរយៈប្រព័ន្ធអនឡាញ ព្រោះបទល្មើសមើលទៅហាក់បីដូចជាធម្មតា តាមការពិតវាមានទំនាក់ទំនងតាមបណ្តាញសង្គម ហើយអ្វីដែលថ្មី គឺការបង្ខាំង ចាប់ជំរិតតាមការចាត់តាំង និងការជួញដូរមនុស្ស ហើយករណីនេះ វាបានកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរនាពេលបច្ចុប្បន្ន៕