ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាមន្ត្រីជំនាញត្រូវធ្វើការកែសម្រួលលូចំនួន៣ ឱ្យបានធំជាងមុន រួចតភ្ជាប់ចូលទៅលូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅពេលមានភ្លៀងម្តងៗ ទន្ទឹមនោះក៏ត្រូវបូមស្តារលូចាស់ដែលដីហូរចូល និងសំរាមចូលធ្វើឱ្យមានចរន្តទឹកហូធ្លាក់ចូលទៅលូធំ ដើម្បីរំដោះទឹកចេញបានលឿនវាមិនបណ្តាលឱ្យមានជាការជន់លិចនៅពេលមានភ្លៀងម្តងៗ ប្រសិនបើយើងធ្វើការកាយពង្រីក បូមស្តារដីចេញអស់ពីក្នុងលូ តំបន់ដែលលិចនេះមិនរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទៀតទេ ម្យ៉ាងទៀតដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានក្រុងព្រះសីហនុរបស់យើងកាន់តែមានភាពទាក់ទាញបន្ថែមទៀតផង។ ម្យ៉ាងទៀតខេត្តព្រះសីហនុ កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជាតិសំខាន់មួយចំនួនមានដូចជា ពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនៅចុងឆ្នាំ ២០២២ខាងមុខ និងឈានទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខផងដែរ។ សូមបញ្ជាក់ថា ការពង្រីកលូទាំង៣ និងការបូមស្តារលូនៅមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុជាអ្នកចំណាយថវិកា ដោយឡែកបច្ចេកទេសខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត៕