ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រូស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ
ព្រឹកថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ និងនាំយកថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រះសីហនុ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
តាមរបាយការពីលោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការពីការងារសិក្សាឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខមានមណ្ឌលប្រឡង៥ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ២មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល មានបេក្ខជនដាក់ពាក្យចំនួន ១,៧៣១នាក់ ស្រី ៩១៦នាក់ ស្មើនឹង៧២បន្ទប់ មុខវិជ្ជាបំប៉នផ្នែកវិទ្យាសាស្ត្រសង្គមមាន១៤ថ្នាក់ មានចំនួន ៦មុខវិជ្ជា ១.ភាសារខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ និងផែនដីវិទ្យា ចំនួនសិស្ស ១,២៦០នាក់ ថ្នាក់វិទ្យាសាស្ត្របំប៉នមាន ១០ថ្នាក់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពាំនាំប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះលោកគ្រូ អ្នកគ្រូ បានស្ម័គ្រចិត្តបំប៉នសម្រាប់សិស្សានុសិស្សរបស់យើងថ្នាក់ទី១២នាពេលនេះ។ ហើយឆ្នាំកន្លងមកឯកឧត្តម សាយ សំអាល់ និងរូបខ្ញុំបានរៀបចំកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A នូវរង្វាន់ម៉ូតូ ០១គ្រឿង បានសន្យាជូនចំពោះសិស្សដែលត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលបាននិទ្ទេស A និងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង និងថវិកាមួយចំនួនផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបានជួយបង្រៀនបំប៉នជូនសិស្សថ្នាក់ទី១២ សូមក្មួយត្រូវខិតខំរៀនសូត្រប្រឡងឱ្យបានជាប់កាន់តែច្រើន និងបាននិទ្ទេស A កាន់តែច្រើនបន្ថែមទៀតដើម្បីសាលា និងខេត្តរបស់យើង។ ដូច្នេះក្មួយត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ព្រោះជាឱកាសរបស់យើងនៅមានច្រើន ដើម្បីទទួលបាននូវចំណេះដឹងថ្មីគ្រប់ៗគ្នា បើយើងរៀនបានពូកែ និងទទួលបានរង្វាន់ និងជាមុខមាត់របស់ឪពុកម្តាយផងដែរ ព្រោះក្មួយនៅមានឱកាសចាប់យកនូវការរៀនសូត្របង្កើននូវចំណេះដឹង ចំណេះធ្វើថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រះសីហនុ៕