Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាបើកកិច្ចប្រជុំនាពេលនេះ ដើម្បីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូមនុស្ស ជួញដូកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងគ្រប់ប្រភេទ ការងារត្រួតពិនិត្យជនបរទេសអត្តពលកម្ម ក្រោមអធិបតីភាពសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកយកប្រសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាយការណ៍ជូនកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងបានដាក់ចេញនូវវិធានការដូចខាងក្រោម៖
-បន្តរុករកស្រាវជ្រាវទីតាំងនានា តាមពាក្យបណ្តឹងដែលនៅសេសសល់ ឬបណ្តឹងថ្មីៗ ឬសង្ស័យមានការជួញដូរមនុស្ស ការធ្វើទារុណកម្ម ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ទោះទីតាំងនោះមានអាជ្ញាប័ណ្ណ ឬគ្មានអាជ្ញាប័ណ្ណក្តី។
-អាជ្ញាធរ កងកម្លាំងត្រូវធ្វើការគ្រប់គ្រងតាមដានត្រួតពិនិត្យជាប្រព័ន្ធដើម្បីធានាថា ទីតាំងមុខសញ្ញាដែលប្រព្រឹត្តបទល្មើសល្បែង ភ្នាល់អនឡាញខុសច្បាប់មិនឱ្យកើតមានសារជាថ្មី ឬលួចលាក់ល្បែងអនឡាញថ្មីៗបន្ថែមទៀត។
-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការតាមដានគ្រប់គ្រងសភាពការនេះ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់។
-គណៈកម្មាធិការក្រសួងមហាផ្ទៃ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញការងារអធិការកិច្ចអត្ថពលកម្មបរទេសជាប្រព័ន្ធលើទីតាំងអាជីវកម្មដែលប្រើប្រាស់ពលកម្មបរទេស ប្រមូលផ្តុំចុះធ្វើអធិការកិច្ចនៅតាមទីតាំងអាជីវកម្មដែលមានការសង្ស័យមានការលួចលាក់ប្រើប្រាស់ពលកម្មបរទេស សំដៅរកឱ្យឃើញនូវជនបរទេសដែលបានបោកបញ្ឆោតមកធ្វើការមិនស្របច្បាប់ ដើម្បីចាត់វិធានការច្បាប់ឱ្យបានទាន់ពេលវេលា និងទប់ស្កាត់កុំឱ្យមានការបោកបញ្ឆោតពលករបរទេសទាំងនោះមកធ្វើការខុសច្បាប់ពីកន្លែងមួយទៅកន្លែងមួយ ក៏ដូចជាទប់ស្កាត់បទល្មើសនានាប្រព្រឹត្តដោយពលករបរទេស ដែលបណ្តាលមកពីខ្វះខាតជីវភាពរស់នៅ។
-ត្រូវត្រួតពិនិត្យជនបរទេសចាត់វិធាន ការច្បាប់ចំពោះជនបរទេសស្នាក់នៅមិនស្របច្បាប់។
-ពង្រឹងច្រកទ្វាព្រំដែនសំដៅទប់ស្កាត់បទល្មើសនានាឆ្លងកាត់ព្រំដែនពិសេសសហការគ្រប់គ្រងសន្តិសុខ និងការចេញចូលតាមលំហរសមុទ្រសំដៅមិនឱ្យមានការលបលួចនាំពលករបរទេសតាមច្រកសមុទ្រមកធ្វើការមិនស្របច្បាប់នៅកម្ពុជា និងបទល្មើសនានាក្នុងលំហរសមុទ្រ។
ជាមួយគ្នានេះ តាមរយៈអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសម្រេច ចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាក្នុងភូ​មិសាស្រ្តខេត្តព្រះសីហនុផងដែរ។