Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ

លោក ឡុង ឌីម៉ង់ អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ

ព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ នៅទីស្នាក់ការគយ និងរដ្ឋាករទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរបាយការណ៍សាងសង់អគារស្នាក់ការថ្មីរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការយាល័យគយ និងរដ្ឋាករទំនប់រលក ស្ថិតនៅលើដីទំហំ ៣,៥៣៩ម៉ែត្រការ៉េ បើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ អគាររដ្ឋបាល និងអគារស្នាក់នៅរបស់ មន្រ្តីរាជការនៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការិយាល័យទំនប់រលក និងរដ្ឋាករទំនប់រលក និងបញ្ជប់ការសាងសង់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានដូចជា៖
១.អគាររដ្ឋបាលមានទទឹង ១៨ x ២៥ម៉ែត្រ កម្ពស់ ៥ជាន់ ទំហំផ្ទៃអគារ ២,០៦០,៨២ម៉ែទ្រការ៉េ។
២.អគារស្នាក់នៅ ១៤ x ៣២.២ម៉ែត្រ កម្ពស់ ៥ជាន់ ទំហំ ២,៥៣៣,៣១ម៉ែត្រការ៉េ។
៣.របងកម្ពស់ ២.៥ម៉ែត្រ បណ្តោយ ២៥០ម៉ែត្រ។
៤.ចាក់បេតុងផ្លូវ និងទីលានខាងក្រៅអគារ ១,២៨០ម៉ែត្រការ៉េ។
៥.បំពាក់ត្រង់ស្វូ ១គ្រឿង កម្លាំង ៣១៥KVA។
៦.ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតមានដូចជា កន្លែងស្នាក់នៅសម្រាប់ចុងភៅ និងសន្តិសុខ អាហាដ្ឋាន ប៉ុស្តិ៍សន្តិសុខ ដងទង់ជាតិ និងការងារបន្ទាប់បន្សំផ្សេងទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើសៀវភៅ និងបានផ្តាំផ្ញើដល់មន្ត្រីសាខា និងមន្ត្រីស្នាក់ការសាខាគយ និងរដ្ឋាករទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្តខិតខំបំពេញការងារ ដើម្បីតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងមន្ត្រីរបស់យើងទាំងអស់គ្នា ទន្ទឹមនឹងការតបស្នង គឺសុំឱ្យជាការលើកទឹកចិត្តចំពោះការយកចិត្តទុកដាក់ការខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចរបស់ខ្លួនបន្ថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ត ថាភារកិច្ចសំខាន់របស់យើង គឺការងារកៀគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសមិទ្ធផលដែលយើងទទួលបាននាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមានដូចជា៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសង្គម តាមរយៈនៃការខិតខំប្រឹងប្រែងប្រមូលចំណូលព័ន្ធគយ នៅតាមសាខា និងស្នាក់ការនានានៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានអញ្ជើញចុះពិនិត្យផ្លូវល្បឿនលៀនភ្នំពេញ ខេត្តព្រះសីហនុ ការសម្ពោធស្នាក់ការការិយាល័យគយ និងរដ្ឋាករស្រុកស្ទឹងហាវ កាត់ខ្សែបូរសម្ពោធអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករទំនប់រលក សម្ពោធអគារម៉ាស៊ីនស្កែននៅសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ពិនិត្យការដ្ឋានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ (Water Treatment Facility) ក្នុងក្រុងព្រះសីហនុ សម្ពោធអគាររដ្ឋបាលការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ ត្រពាំងល្ពៅ) ផងដែរ៕