ព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ផ្សព្វផ្សាយការងារមួយចំនួនមានដូចជា៖
១.ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ។ ២.ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពីធីប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រឆាំងគ្រឿងញៀន ជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ និងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសប្រកួតគីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ចាប់ដំណើការពី ដើមខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ខេត្តព្រះសីហនុ ត្រូវបានទទួលវិញ្ញាសារ ការប្រកួតកីឡាស៊ីហ្គេមចំនួន៥ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ មានដូចជា គីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបីផ្សេងទៀត។ ដោយឡែកខេត្ត៤ផ្សេងទៀត ក៏ទទួលវិញ្ញាសារក្នុងការប្រកួតស៊ីហ្គេមផ្សេងៗផងដែរ។ ដោយឡែករាជធានីភ្នំពេញទទួលការប្រកួតកីឡាស៊ីហ្គេមសម្រាប់ការប្រកួតការបើក និងបិទកីឡាស៊ីហ្គាមឆ្នាំ២០២៣ ទាមទារយើងទាំងអស់គ្នារួមគ្នារៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ទទួលបានលទ្ធផលល្អ។ ការបើកដំណើរការកីឡាអាស៊ីអាគ្នេយ៍ កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ ដូច្នេះយើងត្រូវការមេដាយមាសឱ្យកាន់តែច្រើន ម្យ៉ាងទៀតយើងក៏បានគិតគូរពីលទ្ធភាពដណ្តើមយកមេដាយមាសពីស៊ីហ្គេមឆ្នាំ២០២៣។ មានវិញ្ញាសារចំនួនពីរត្រូវបានចុះបញ្ជីរួចហើយ នៅសល់វិញ្ញាសារចំនួន៣ផ្សេងទៀតមានដូចជា បាល់ទះលើឆ្នេរខ្សាច់ បាល់ទាត់លើតុ និងកីឡាមួយប្រភេទទៀត ដូច្នេះយើងត្រូវត្រៀម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មហាជន ពិសេសកិច្ចការពារសន្តិសុខសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ចាប់ផ្តើមពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កិច្ចការនេះយើងត្រូវធានាការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការ ប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅខេត្តព្រះសីហនុ។ ចំពោះវិញ្ញាសារទូកក្តោង និងម៉ូតូទឹក គ្រោងធ្វើការប្រកួតនៅឆ្នេរអូរឈើទាល។
លោកអភិបាលរងខេត្ត បានបន្តទៀតថា យើងត្រូវរៀបចំ និងបង្ហាញពីផែនការសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការការចូលរួមពីមន្ត្រីកងកម្លាំងប្រដាប់អាវុធដែលមានស្នង ការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពខេត្ត រៀបចំធ្វើផែនការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីបញ្ចូលជាមួយនឹងក្រុមការងារថ្នាក់ជាតិ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងការប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានគោលដៅចំនួនពីរ គឺគោលដៅនៃការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការប្រកួត និងការស្នាក់នៅរបស់គណៈប្រតិភូកីឡាដែលចូលរួមការប្រកួតកីឡានៅខេត្តព្រះសីហនុ។ កម្ពុជាយើងបានអាក់ខានការប្រកួតកីឡាស៊ីហ្គេមជាងកន្លះទស្សវត្តមកហើយ ដូច្នេះយើងត្រូវផ្សព្វផ្សាយពីសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ និងក៏ជាមុខមាត់របស់ប្រទេសកម្ពុជាផងដែរ៕