ព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពី បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ។កិច្ចប្រជុំនោះ មានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្រុក និង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានរំលឹកពីបទបញ្ជាពីថ្នាក់ដឹកនាំ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចុះអនុវត្តកិច្ចការបញ្ឈប់សកម្មភាពល្បែងស៊ីសងអត់មានច្បាប់ និង ស្វែងរកបទល្មើសបើសិនជាមាននៅទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនេះមានដូចជា បទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់ជាដើម។
បើតាមឯកឧត្តមសន្តិបណ្ឌិត បទល្មើសល្បែងស៊ីសងខុសច្បាប់ សម្តេចក្រឡាហោម បានប្រកាសកាលពីសប្តាហ៍មុនហើយ សុំឱ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង មកដល់ឥឡូវនេះមានរយៈពេល៨ថ្ងៃយើងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯងជាច្រើនហើយ ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។
ចំពោះកិច្ចប្រជុំនៅថ្ងៃនេះ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ ពីការឯកភាពគ្នា គឺបោសសម្អាតបន្ថែម ដើម្បីបញ្ឈប់ជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ។ ភារកិច្ចមានពីរដែលយើងអនុវត្ត ១.មានទីតាំងនៅមូលដ្ឋានភូមិ ឃុំ ស្រុក តាមពិតអាជ្ញាធរមូលដ្ឋានបានបោសសម្អាតច្រើនហើយ បើនៅសេសសល់ គឺតិចតួចអាជ្ញាធរបែងចែកភារកិច្ចរបស់ក្រសួងមហាផ្ទៃ បន្តបោសសម្អាតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ទី២.ចំពោះទីតាំងផ្សេងទៀតដែលមានការសង្ស័យមានការបើកល្បែងខុសច្បាប់ ស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុ យើងនឹងទុកពេលពិនិត្យក្រោយ សំដៅពិនិត្យលើអាជ្ញាប័ណ្ណដែលមានប្រសិទ្ធិភាព ឬអស់សុពលភាពអាជ្ញាប័ណ្ណ យើងអត់ទាន់ចុះត្រួតពិនិត្យ ទុកពេលក្រោយ។
សូមបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និង សម្តេចក្រឡាហោម ស ខេង ក្រុមការងារក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន ៥កន្លែងនៅក្នុងក្រុងព្រះសីហនុ និង បានរកឃើញជនបរទេសចម្រុះជាតិសាសន៍៕