ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនីហ្វេសបុកឈ្មោះ Um San ដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមអភិបាលខេត្ត បានអានខ្លឹមសារសង្ខេបដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង មានដូចខាងក្រោម៖
សូមគោរពសម្ដេចក្រឡាហោមជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ខ្ញុំបាទធ្លាប់បានឮសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីអំពីការមិនយកថ្លៃធ្វើសំបុត្រកំណើត សំបុត្រមរណភាព និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្តែជាក់ស្តែងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពេលនេះខ្ញុំបាទបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ ជាងមួយខែហើយនៅតែធ្វើមិនហើយតែបើអ្នកដែលឱ្យលុយចាប់ពី $១០០ឡើងទៅក្នុងរយៈពេល៣ថ្ងៃគឺបានហើយ។ តើនេះគឺមកពីខ្ញុំបាទមិនមានលុយឱ្យពួកគាត់ឬ? សូមសម្តេចមេត្តាជ្រាប។ ខ្ញុំបាទសូមអភ័យទោសចំពោះសម្តេច សូមអរគុណសម្តេច។
លោក អ៊ុំ ញ៉ាត ម្ចាស់គណនីហ្វេសបុក Um San បានទទួលស្គាល់ការខមិនរបស់លោកចូលក្នុងហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារលោកមានការអន់ចិត្តចំពោះការស្នើសុំធ្វើសំបុត្រអាពាហ៍ពិពាហ៍មានភាពយឺតយ៉ាវ ដោយលោកមិនបានដឹងថា បង្កឱ្យមានរឿងរាវបែបនេះទេ។ ដោយលោកខមិននេះ ក្នុងន័យស្ថាបនា និងសូមអភ័យទោសថ្នាក់ដឹកនាំ សង្កាត់ ក្រុង ខេត្ត ដោយសារខមិននេះ ធ្វើឱ្យប៉ះពាល់ដល់សង្កាត់ គឺគ្រាន់តែមានគោលបំណងស្ថាបនាតែមួយគត់ មិនមានគោលបំណងផ្សេងនោះទេ។
លោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យដឹងថា ករណីផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅសាលាសង្កាត់លេខ១ គឺមន្ត្រីអនុវត្តតាមនីតិវិធី។ ចំពោះការយឺតយ៉ាវខ្លះដោយសារតែចំនួនឯកសារស្នើសុំគ្រប់ទម្រង់របស់ពលរដ្ឋមានច្រើនដោយសារសង្កាត់លេខ១កំពុងប្រកាសជាតំបន់វិនិច្ឆ័យ ហើយចំនួនមន្ត្រីបំពេញការងារមានកំណត់។ ដោយឡែកចំពោះការលើកឡើងថា អ្នកឱ្យប្រាក់ធ្វើបានលឿន គឺពុំមានករណីនេះទេ។ ហើយកន្លងមក រដ្ឋបាលសង្កាត់លេខ១ ក៏បានអញ្ជើញលោក អ៊ុំ ញ៉ាត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីបញ្ជាក់ពីអ្វីដែលលោកបានលើកឡើងក្នុងផេកសម្តេចក្រឡាហោម ស ខេង។ ក្នុងនោះ លោក អ៊ុំ ញ៉ាត បានបញ្ជាក់ថាលោកមានការអន់ចិត្តចំពោះការផ្តល់សេវាយឺត និងថាមិនមានមន្ត្រីសង្កាត់រូបណាតម្រូវឱ្យបង់ប្រាក់១០០ដុល្លា ដើម្បីធ្វើបានលឿននោះទេ។ ហើយបច្ចុប្បន្នសំបុត្រអាពាហ៌ដែលបានស្នើសុំនោះ គឺលោកទទួលបានហើយ ក្នុងនោះលោកក៏បានធ្វើកិច្ចសន្យាទទួលស្គាល់នូវកំហុសពីការផ្តល់ព័ត៌មានមិនត្រឹមត្រូវនេះដែរ។
ក្រោយបានស្តាប់ការពន្យល់ និងការបកស្រាយរួចមកឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកជារួមដល់មន្ត្រីមូលដ្ឋានឃុំសង្កាត់ឱ្យខិតខំពន្លឿន ក្នុងការផ្តល់សេវាជូនពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ និងត្រូវពិនិត្យមើលថាឯកសារណាដែលពលរដ្ឋត្រូវការចាំបាច់មិនអាចពន្យាពេលយូរបាន ត្រូវតែខិតខំដោះស្រាយតាមនីតិវិធីឱ្យបានលឿន។ ហើយគ្រប់សេវាដែលខកខានមិនបានផ្តល់ជូនពលរដ្ឋភ្លាមៗ មន្ត្រីត្រូវប្រាប់ពន្យល់ពលរដ្ឋឱ្យបានជ្រាបពីមូលហេតុ និងត្រូវកំណត់រយៈពេលច្បាស់លាស់ ដើម្បីឱ្យពលរដ្ឋទៅទទួលយកមិនខកពេល។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ឯកឧត្តមមិនមានការហាមឃាត់លើសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែស្នើសុំលើកឡើងពីអ្វីដែលជាពិត។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ក្រុមការងាររដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីចុះជួយការងារផ្តល់សេវាអត្រានុកូលដ្ឋានដែលកំពុងមានសំណើសុំច្រើននៅសង្កាត់លេខ១ឱ្យបានឆាប់រួចរាល់។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថាចំពោះឃុំសង្កាត់ណាដែលមានការប្រកាសជាតំបន់វិនិច្ឆ័យគឺត្រូវបន្ថែមសម្ភារ និងមន្ត្រីដើម្បីជួយបំពេញការងារបានលឿនឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការយន្តការសេវាច្រកចេញចូលតែមួយនៅតាមឃុំសង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងមក ដើម្បីដោះស្រាយការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ កាត់បន្ថយពេលវេលា លុបបំបាត់អំពើពុករលួយ និងការងារអសកម្មនៅតាមមូលដ្ឋាន។