Home / ព័ត៌មានទូទៅ / ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារបង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសដោយមានចូលរួមពី លោកអភិបាលរងខេត្ត នាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គួច ចំរើន អភិបាល​​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានមានមតិលើកឡើងថា កិច្ចប្រជុំថ្ងៃនេះតាមកម្មវិធីដែលបានគ្រោងទុក គឺដើម្បីត្រួតពិនិត្យ ដកបទពិសោធន៍នៃការចុះអនុវត្តករណីការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជា​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈសារសម្លេង ឱ្យចុះ​​បង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។ ដូច្នេះសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសម្លេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និង​ត្រូវអនុវត្តឱ្យបានម៉ឺងមាត់​តាមបទបញ្ជានេះ។ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក​ ត្រូវចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួរយោបល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំរដ្ឋបាលខេត្តព្រះសីហនុ ជាមុន​ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បន្ទាប់ពីមាន​ការពិភាក្សា​ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស អង្គប្រជុំបាន​​សម្រេចដាក់ចេញនូវវិធានការដូចខាងក្រោម៖
-អភិបាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ​ត្រូវដឹកនាំកិច្ចប្រជុំនៅល្ងាចនេះ និងត្រូវចុះអនុវត្តបិទទីតាំងឡូតូនិងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ជូនរដ្ឋបាលខេត្តនៅពេលល្ងាច ថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។
-មុនពេលចាត់វិធានការផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទាល់ទៅព្រះរាជអាជ្ញា ​ដើម្បីសម្របសម្រួលនីតិវិធី។
-នៅក្នុងតារាងតាមដានប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ ១.លេខរៀង, ២.លេខកូដ, ៣.កាលបរិច្ឆេទ, ៤.ប្រភព, ៥.ទីតាំង, ៦.អាសយដ្ឋាន, ៧.ក្រុមប្រតិបត្តិការ, ៨.​អយ្យការដឹកនាំនីតិវិធី, ៩.កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០.កម្មវត្ថុបណ្តឹង ១១.លទ្ធផលនៃការស្រាវជ្រាវ និង១២.ផ្សេងៗ។ ករណីមានបទល្មើសត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែលត្រូវផ្តន្ទាទោស។
-ចំពោះការចុះប្រតិបត្តិការការងារតាមទីតាំងនីមួយៗ​ មន្រ្តីនគរបាលយុត្តិធម៌​ ជាអ្នកធ្វើកំណត់ហេតុ​​​ និងជាអ្នកឆែកឆេរ​ទីតាំង និងមនុស្ស​។
-ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ ​ត្រូវពិន័យ​ ២.៦២០.០០០រៀល និងបង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ។
-រៀបចំក្រុមការងារឱ្យបានច្បាស់លាស់៖ ក្រុមទី១.ក្រុមចុះប្រតិបត្តិការ, ក្រុមទី២.ក្រុមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រុមទី៣.ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤.ក្រុមធ្វើកំណត់ហេតុ និងរបាយការណ៍។ ការចុះប្រតិបត្តិការលើកក្រោយ ខ្ញុំនឹងប្រគល់ភារកិច្ចជូនអភិបាលរងខេត្ត ០៤រូបជាអ្នកដឹកនាំ។
-កម្លាំងកងរាជអាវុធហត្ថជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ​ជុំវិញទីតាំងចុះប្រតិបត្តិការ​។
-កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម​ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។
-ស្នើធ្វើរបាយការណ៍បញ្ចប់ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
-រាល់ការចុះប្រតិបត្តិការ ស្នើ​ឱ្យមានការសម្របសម្រួលនីតិវិធី​ដោយព្រះរាជអាជ្ញា​ ដែលមានក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុ។
-ត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាងតាមដានប្រតិបត្តិការ​ជាមុន។ ចំពោះមុខត្រូវចុះពិនិត្យទីតាំងដែលអត់ច្បាប់និងទីតាំងដែលមានបណ្តឹងពាក់ព័ន្ធការធ្វើទារុណកម្មមនុស្ស។