កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពពត៌មានអចលនទ្រព្យ នៅខេត្តព្រះសីហនុ
រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមលក្ខណៈចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពពត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីអភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ផែនការ និងវិនិយោគ នៃសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងចៅសង្កាត់ទាំង៤។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត មានមតិស្វាគមន៍រាយការពីសកម្មភាពការងារប្រមូលពន្ធដារនៅខេត្តព្រះសីហនុ តាងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំត្រៀមលក្ខណៈធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ គិតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សាខាពន្ធដារខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយ និងជំរុញម្ចាស់អចលនទ្រព្យឱ្យមកប្រកាសបង់ពន្ធនៅតាមសាខាពន្ធដារខេត្តព្រះសីហនុ៖
១.សាខាបានបោះពុម្ពលិខិតជូនដំណឹង ស្តីពីការបង់ពន្ធលើអចលនទ្រព្យ និងបានប្រគល់ជូនម្ចាស់អចលនទ្រព្យ ម្ចាស់ដី និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការសហការផ្សព្វផ្សាយបន្តបានចំនួន ៨០៣៦ សាខាបានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យដែលបានសាងសង់អគារថ្មី មានការកែប្រែស្ថានភាពអាគារដោយធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ សាខាក៏បានផ្សព្វផ្សាយលើការបង់ពន្ធលើអចលនទ្រព្យតាមរយៈការចងបដានៅតាមទីសាធារណៈចំនួន ១០ទីតាំង និងបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម។ ការងារផ្តល់សេវាជូនចំពោះអ្នកជាប់ពន្ធ ដើម្បីបញ្ចៀបវប្បធម៌បង់ពន្ធសំដៅពង្រឹងកែលម្អសេវាជូនអ្នកជាប់ពន្ធ សាខាពន្ធដារខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធដារក្នុងខែសីហា ឆ្នាំ២០២២កន្លងមកនេះ បានមួយលើមានអ្នកចូលរួម ៥៨នាក់ ដោយឡែកសម្រាប់ ៨ខែដើមឆ្នាំ២០២២នេះ សាខាបន្ធដារបានធ្វើសិក្ខាសាលាចំនួន ៥លើក សាខាបានឆ្លើយតបនឹងសំនួរ ចម្ងល់របស់អ្នកជាប់ពន្ធ សាខាបានបង្កើតក្រុមការងារចុះអង្កេតសហគ្រាសមួយក្រុម និងក្រុមការងារចុះជំរឿនពន្ធលើឈ្នួលផ្ទះបំរុង តែមិនទាន់បានអនុវត្ត។ ទន្ទឹមនឹងការប្រមូលចំណូលពន្ធបានលើសផែនការជារៀងរាល់ឆ្នាំនេះ សាខាពន្ធដារខេត្តព្រះសីហនុ ក៏បានជួបបញ្ហាប្រឈមមួយចំនួនដូចជា៖
១.ម្ចាស់អាជីវកម្មមួយចំនួនមានដូចជាចិន សាខាពិបាកក្នុងការទំនាក់ទំនង
២.សហគ្រាសដែលមានម្ចាស់ជាជនជាតិចិនភាគច្រើន មិនបានបំពេញកាតព្វកិច្ចសារពើពន្ធបន្ទាប់ពីការចុះបញ្ជីពន្ធដារ
៣.សហគ្រាសមួយចំនួន បានឈប់ដោយមិនបានដាក់ពាក្យសុំឈប់
៤.សហគ្រាសមួយចំនួនមិនបានរក្សាបញ្ជីទិញ លក់ឱ្យបានត្រឹមត្រូវ
៥.ដោយសារកូវីដ១៩ ធ្វើឱ្យសហគ្រាសមួយចំនួនត្រូវបានបិទ ពិសេសសហគ្រាសដែលមានជនជាតិចិន មិនបានមកប្រកបអាជីវកម្មវិញ។ សាខាត្រៀមបន្តចុះត្រួតពិនិត្យប្រមូលពន្ធលើឈ្នួលផ្ទះ និងឈ្នួលដី បន្តចុះអង្កេតសហគ្រាស និងជំរុញសហគ្រាសឱ្យចុះបញ្ជីសារពើពន្ធក្នុងប្រព័ន្ធនៅពន្ធដារ បន្តពន្លឿនការចែកលិខិតជូនដំណឹងស្តីពីការបង់ពន្ធលើអចលនទ្រព្យ ផ្សព្វផ្សាយប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២។
ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃអគ្កនាយកដ្ឋានពន្ធដារ មានប្រសាសន៍បើកកិច្ចប្រជុំត្រៀមផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់លើសេវាពន្ធដារ និងការចុះបញ្ជីអចលនទ្រព្យប្រព្រិត្តឹទៅរលូនតាមការគ្រោងទុក ក្នុងបរិបទកូវីដធូស្រាល។ បន្តាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស ធ្វើឱ្យកម្ពុជាបើកប្រទេស និងដំណើការសេដ្ឋកិច្ចឡើងវិញ ទោះបីយ៉ាងណាយើងនៅតែអនុវត្តវិធានការ ៣.កុំ និង៣.ការពារ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាកនៃជំងឺកូវីដ១៩។ ការងារអចលនទ្រព្យ អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតចុះអង្កេតអចលនទ្រព្យនៅខេត្តព្រះសីហនុ ក្នុងគោលដៅប្រមូលទិន្នន័យ ប្រជាពលរដ្ឋមានភាពងាយស្រួល ដើម្បីធ្វើការបង់ពន្ធនៅតាមធនាគារដែលបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ភាពងាយស្រួលកាត់បន្ថយពេលវេលាផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកជាប់ពន្ធ។ ការចុះបញ្ជីអចលនទ្រព្យមានទិន្នន័យច្បាស់លាស់ ក្នុងការធ្វើទំនើបកម្ម ជម្រុញបញ្ចូលទិន្នន័យពត៌មាន អំពីពន្ធអចលនទ្រព្យជាពន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម កែន សម្បត្តិ សុំកិច្ចសហការពីរដ្ឋបាលខេត្ត ក្រុង និងអាជ្ញាធរដែនដីចូលរួមជាមួយក្រុមការងារក្នុងការចុះស្រង់ព័ត៌មាន ទិន្នន័យសេវាពន្ធដារ និងទិន្នន័យក្បាលដី និងពន្ធផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ មានដូចជាពន្ធលើប្រាក់ជួលផ្ទះ ពន្ធលើសហគ្រាស និងពន្ធផ្សេងៗទៀតដើម្បីធានាសមធម៌តាមរយៈយន្តការគោលនយោបាយការប្រមូលពន្ធនៅព្រះរាជាណាចក្រកម្ពុជា។