Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម

រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថវិកាដែលទទួលបានមានចំនួន ២៤,២១៥.០០០រៀល និង ២៥,១០០ដុល្លាអាមេរិក។

ថវិកាដែលប្រមូលបានពីសប្បុរសជននាពេលនេះរួមមាន៖
‌១.ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លាអាមេរិក
២.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន ៨,៤៣៥,០០០រៀល និង៦០០ដុល្លាអាមេរិក
៣.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ ឧបត្ថម្ភថវិកាចំនួន ១៥,៥៨០,០០០រៀល
៤.លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លាអាមេរិក
៥.លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល
៦.ក្រុមហ៊ុន Cambodian Energy Limited ឧបត្ថម្ភថវិកាចំនួន២,០០០ដុល្លា
៧.ក្រុមហ៊ុនអគ្គិសនីធ្យូងថ្ម CHDG ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លាអាមេរិក
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្លែងអំណរគុណលោក លោកស្រី ក្រុមហ៊ុនដែលបានចូលរួមបរិច្ចាគថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃភាពងាយរងគ្រោះនៅក្នុងប្រទេស ពិសេសខេត្តព្រះសីហនុឱ្យបានសាកសមជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីអបអរសាទរខួបលើកទី១៥៩ ពិភពលោកកាកបាទក្រហមអឌ្ឍ ចន្ទក្រហមអន្តរជាតិ សាខាបានរៀបចំកៀរគរមូលនិធិពីបងប្អូនសប្បុរសជន ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយមូលនិធិដែលសាខាកាកបាទក្រហមប្រមូលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានជួយឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងទារកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហឹង្សាជាដើម។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែង អំណរគុណ និងធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពាណិជ្ជករ និងបងប្អូនអាជីវករ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តចូលរួមជួយគាំទ្របរិច្ចាគថវិកា និងសម្ភារៈចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីយកទៅជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើង ប្រកាន់វណ្ណ: ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយ។
ឯកឧត្តមសង្ឃឹមថា បងប្អូនសប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភគាំទ្រថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុកាន់តែផុលផុសបន្តទៀត ៕