ស្រុកព្រៃនប់៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធី អន្តរជាតិដាំកូនកោងកាង ក្រោមប្រធានបទ “បរិស្ថាន និង សន្តិភាព” ស្ថិតនៅបឹង
កង្កែប ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រៀបចំដោយ ខណ្ឌរដ្ឋបាលជលផលកំពង់សោម។ ក្នុងពិធីនោះ
ផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក មន្ទីរ-អង្គភាព មន្រ្តីរាជការ សាលាខេត្ត អង្គការសង្គម
ស៊ីវិល ព្រមទាំង ប្រជាពលរដ្ឋអញ្ជើញចូលរួម ប្រមាណ ១២០នាក់។
ស្ថិតនៅក្នុងឱកាសដ៏វិសេសនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានលើកឡើង អំពីសារៈ
ប្រយោជន៏នៃដើមកោងកាង និងការដាំឡើងវិញ ជាពិសេសបញ្ហានៃការរីករាលដាល ការកាប់ព្រៃឈើ ដើម្បីទន្រ្ទាន ដីយ៉ាងអនាធិបតេយ្យនៅតំបន់ពយម៉ាចូវ និងតំបន់ក្បាលឆាយ ឯកឧត្តម ក៏ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការ សកម្មភាព នៃការទន្រ្ទានយកដីនេះ។
ឯកឧត្តម ក៏បញ្ជាក់ផងដែរថា អាជ្ញាធរនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត មិនមានការបន្ធូរបន្ថយ ឬការលើកលែង
នោះទេ ព្រមទាំងសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ គោរពតាមច្បាប់ទាំងអស់គ្នា។
ក្រោយពីកិច្ច សំណេះសំណាលនោះបានបញ្ចប់ ឯកឧត្តម អភិបាលខេត្ត និង មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទាំងអស់ បានចុះទៅដាំដើមកូនកោងកាង ចំនួន ១០០០ដើម ផងដែរ៕ សម្បត្តិ