នារសៀលថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសមជាមួយឯកឧត្តម យស ផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ និងលោកស្រីខាឡា ចូ ប្រិនធិស តំណាងអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ នៅសាលប្រជុំគណៈអភិបាលខេត្ត។
ជំនួបនេះមានការចូលរួមពី លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លោក ឈិត រតនៈ នាយករងរដ្ឋបាល លោកស្រី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្ត ដើម្បីស្តាប់របាយការណ៍ស្តីពី ការចុះបេសកកម្មពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ដែលក្រុមការងាររបស់អង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ ធ្លាប់បានធ្វើសកម្មភាពពិនិត្យ និងព្យាបាលតាំងពីឆ្នាំ២០១៣មក តែត្រូវបានផ្អាកមួយរយៈ ដោយសារផលរំខាននៃជំងឺកូវីដ-១៩។
លោកអភិបាលរង បានស្វាគមន៍ឯកឧត្តម និងលោកស្រី ព្រមទាំងថ្លែងការកោតសរសើរ និងអរគុណដល់ក្រុមការងារអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅក្រុងកោះរ៉ុងកន្លងមក។ លោកបានបន្តទៀតថា នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋតំបន់កោះ នៃខេត្តព្រះសីហនុយើង ព្រោះនាពេលបច្ចុប្បន្ន តំបន់កោះនៅមិនទាន់មានគ្រូពេទ្យជំនាញនៅឡើយ ដូច្នេះពេលប្រជាពលរដ្ឋមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកព្យាបាលនៅដីគោក ហើយការធ្វើដំណើរតាមផ្លូវទឹកទៀតសោត គឺមានភាពពិបាក ពិសេសរដូវវស្សានេះតែម្តង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានស្នើសុំកិច្ចសហការណ៍ពីរដ្ឋបាលក្រុងកោះរ៉ុង និងមន្ទីរសុខាភិបាលខេត្តដើម្បីចាប់ផ្តើមចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃឡើងវិញ ជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង សម្រាប់ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាលទ្ធផល លោកអភិបាលរងបានគាំទ្រឱ្យរដ្ឋបាលក្រុងកោះរ៉ុង និងមន្ទីរសុខាភិបាលខេត្តផ្តល់កិច្ចសហការណ៍ជាមួយអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ ក្នុងការចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជាការរួមចំនែកក្នុងការលើកកម្ពស់សុខភាពសារធារណៈ ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា៕