ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថារដ្ឋបាលខេត្តបានដាក់ដំណើរការការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លងមក និងបានផ្តល់ជូនបញ្ជរព័ត៌មាន និងទទួល-ប្រគល់ឯកសារ និងបញ្ជរបេឡានៅតាមឃុំ-សង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុផងដែរ។ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោកអភិបាលក្រុង ស្រុក និងមេឃុំ-ចៅសង្កាត់ ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបំរើសេវាសាធារណៈនៅតាមឃុំ- សង្កាត់នីមួយៗប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ហើយអ្វីជាបញ្ហាប្រឈម យើងត្រូវរួមគ្នាធ្វើការដោះស្រាយកែលម្អ និងរួមគ្នាខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាមានទំនុកចិត្ត និងភាពជឿជាក់ ដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តួអង្គសំខាន់បី ក្នុងការបម្រើសេវាតាមយន្តការច្រកចេញចូលតែមួយមាន មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រកាសដាក់ឱ្យដំណើរការនូវ “ចលនាប្រឡងប្រណាំង ឃុំ-សង្កាត់ បម្រើសេវាល្អ” ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះតទៅ។ លក្ខខណ្ឌនៃការប្រឡងប្រណាំងគឺតម្រូវឱ្យ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ នៅក្នុង Facebook Page របស់ខ្លួននូវព័ត៌មានជាខ្លឹមសារអក្សរ អមដោយរូបភាពជាក់ស្តែងនៃសកម្មភាព ការអនុវត្តតួនាទី ភារកិច្ច ក្នុងការផ្តល់សេវា និងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់សាធារណជនឱ្យបានដឹងអំពីការខិតខំប្រឹងប្រែង និងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ ដើម្បីជាមូលដ្ឋាននៃការវាយតម្លៃចំណាត់ថ្នាក់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជ័យលាភី គឺកំណត់លើការផ្សព្វផ្សាយសកម្មភាពនៅក្នុង Facebook Page និងចំនួន Like ពីមហាជន។ ចំពោះ រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានពិន្ទុ(ដែលបានពីការបូកបញ្ចូលគ្នានូវពិន្ទុ Facebook Page របស់លោក លោកស្រី មេឃុំ/ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់) សរុបច្រើនជាងគេ គឺជាប់ចំណាត់ថ្នាក់ជ័យលាភីទៅតាមលំដាប់ ពីលេខ១ ដល់លេខ៣ ដោយទទួលបានប្រាក់រង្វាន់ និងប័ណ្ណសរសើរពីរដ្ឋបាលខេត្ត។ សូមបញ្ជាក់ជូនថា គោលបំណង នៃការដាក់ចេញនូវចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុ គឺដើម្បីបង្កើន ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ពាក់ព័ន្ធនឹងការផ្តល់សេវាឃុំ សង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋ។