រសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់តំណែងអភិបាល នៃគណ:អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។តាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក អ៉ី ធារិន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីការបេ្តជ្ញាចិត្តរបស់លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សម្តែងការអបអរសាទរការប្រកាសអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់នាពេលនេះ កោតសរសើរនិងវាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ពិសេសសភាពការការពារសន្តិសុខនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក ធ្វើឱ្យមតិជាតិ និងអន្តរជាតិវាយតម្លៃការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងយុត្តិធម៌។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធន៍របស់លោក អ៉ី ធារិន រាជរដ្ឋាភិបាលបានសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់ ហើយលោក សរ កក្កដា ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ។ ព្រមទាំងបានផ្តាំផ្ញើលោក អ៉ី ធារិន ចូលកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ត្រូវខិតខំបំពេញការងារប្រកបដោយសមត្ថភាពមនសិកា និងបន្តអនុវត្តការងារដែលបានបន្យល់ទុកពីលោកអភិបាលស្រុកព្រៃនប់។ ទន្ទឹមនោះត្រូវប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។
ឯកឧត្តម បានបញ្ជាក់ថា ផ្អែកលើសមត្ថភាព និងបទពិសោធន៍ត្រូវពង្រឹងការងារសន្តិសុខទប់ស្កាត់ល្បែងស៊ីសង ឡូតូ ចោលួច ចោឆក់ ចោប្លន់នៅក្នុងមូលដ្ឋានតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ដូច្នេះយើងត្រូវចេះប្រើប្រាស់កម្លាំងក្នុងការងារសន្តិសុខ សុវត្ថិភាពសាធារណ:នូវក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ រាជរដ្ឋាភិបាលបានផ្ទេរមុខងាមករដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគិតគូរពីការអភិវឌ្ឍនៅក្នុងឃុំ-សង្កាត់នីមួយៗ។ ចាប់ពីឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ ពង្រីកការអភិវឌ្ឍនៅតាមឃុំសង្កាត់ឱ្យបានមួយគម្រោង ដូច្នេះយើងត្រូវខិតខំធ្វើការអប់រំ ផ្សព្វផ្សាយប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើន និងរួមគ្នាដោះស្រាយ ដើម្បីកំណើនសេដ្ឋកិច្ចសង្គម។ ទាក់ទងនឹងការបំរើសេវារដ្ឋបាលសាធារណ:នៅតាមឃុំ-សង្កាត់ ដែលរដ្ឋបាលខេត្តបានដាក់ឱ្យដំណើការយន្តការច្រកចេញ-ចូលតែមួយនៅតាមឃុំ-សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ មានការសាទរពីប្រជាពលរដ្ឋ និងអង្គការដៃគូរឈានបំបាត់អំពើពុករលួយនៅសេវារដ្ឋបាលរបស់យើង និងការបង្ខិតសេវាឱ្យជិតប្រជាពលរដ្ឋ។ អាជ្ញាធរស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុក និងសហការផ្តល់ការគាំទ្រដល់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ៕