កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញ ស្តីអំពីឱកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងវេទិកាស្តីពីកាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌនៃកិចហចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់ (RCEP) ដែលរៀបចំដោយ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសមាគម Malaysia Retail Chain នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងចូលរួមជំរុញ និងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមរយៈការបង្កើតឱកាសផ្គូរផ្គងជាមួយដៃគូវិនិយោគក្នុងស្រុក លើវិស័យដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្រោយវិបត្តិកូវីដ១៩ សំដៅ ចូលរួមស្តារសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី។
ក្នុងបទបង្ហាញជូនដល់គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ីប្រមាណជា ៣០០នាក់ ដែលជាប្រធានអគ្គនាយក និងតំណាងក្រុមហ៊ុនជាង៤៣មកពីប្រទេសម៉ាឡេស៊ី លោកអភិបាលរងបានលើកឡើងអំពីស្ថានភាពទូទៅរួមនៃខេត្ត ឱកាស នៃការវិនិយោគ និងវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពលទាក់ទាញសម្រាប់វិនិយោគិនម៉ាឡេស៊ី មកវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំៗ៣ ហើយត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លើសពីនេះទៀត លោកអភិបាលរង ក៏បានពន្យល់អំពីស្ថានភាពភាពនៃការជាប់គាំងសំណង់អាគារដែលមិនទាន់សាងសង់ និងស្នើឱ្យវិនិយោគិនដែលចាប់អារម្មណ៍មកវិនិយោគបន្តនូវអគារដែលមិនទាន់រួចរាល់ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។
សូមជម្រាបផងដែរថា គិតមកដល់បច្ចុប្បន្ន ខេត្តព្រះសីហនុ មានក្រុមហ៊ុនម៉ាឡេស៊ីចំនួន១៧ និងនិយោជកជនជាតិម៉ាឡេស៊ីប្រមាណជាង ៣៦០០នាក់ កំពុងវិនិយោគ និងធ្វើការលើវិស័យសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន អចលទ្រព្យ កាត់ដេរ ធនាគារ និងរោងចក្រផលិតអគ្គិសនីជាដើម។ លោកអភិបាលរងបានថ្លែងបន្ថែមថា ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍វិនិយោគិនម៉ាឡេស៊ីបន្ថែមទៀត ជាពិសេសគណៈប្រតិភូពាណិជ្ជករដែលមានវត្តមាននៅក្នុងវេទិកានេះតែម្តង។