កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) បានដឹកនាំក្រុមការងារមន្ទីរជំនាញខេត្ត រួមមានលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមន្ទីរផែនការ និងតំណាងមន្ទីរសុខាភិបាល ចូលរួម “កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩” ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីខេត្ត ទាំង២៥ មន្ទីរ-អង្គភាព ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល សរុបចំនួនប្រមាណ១៦០រូប ក្រោមជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប USAID Australia Aids និង អង្គការ UNICEF នៅសណ្ឋាគារភ្នំពេញ។
កិច្ចប្រជុំបូកសរុបនេះមានគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពនៃ(១) ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២)ការប្រមូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់គ្រួសារក្រីក្រ និងជនមានពិការភាព (៣)លទ្ធផលអនុវត្តរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ និងអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន (៤) ផ្សព្វផ្សាយអំពីការបង្កើតអង្គភាពមូលនិធិជាតិជំនួយសង្គម និង ផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ (មានរយៈពេល៣ឆ្នាំ ២ខែ) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ (មានរយៈពេល ២ឆ្នាំ ២ខែ) ការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្រ្តីកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលបានបទពិសោធន៍ និងការរៀនសូត្របជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនភាព។
ជារួមគិតចាប់ពីថ្ងៃចាប់ផ្តើមកម្មវិធី រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ទូទាំង២៥រាជធានី-ខេត្ត កម្មវិធីជាតិ បានឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ដែលជាអ្នកទទួលផលសរុបចំនួន ២៧,៨៦៥៩នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះសរុប មាន ១៧៤,០៩៨នាក់ កុមារអាយុក្រោម២ឆ្នាំមានសរុបចំនួន ១០៤,៥៦១នាក់ ស្មើនឹង ៧៥២,២០១គ្រួសារ ស្មើនឹង ៩៨%
ដោយឡែកសម្រាប់រដ្ឋបាលខេត្តព្រះសីហនុ៖
– គិតចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ មកត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ សរុបបាន ៤៤៧២នាក់ ក្នុងនោះ ស្រ្តីមានផ្ទៃពោះ បាន១២៥៧នាក់ និងកុមារអាយុក្រោម២ឆ្នាំបានចំនួន ៣២១៥នាក់។
– គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ បានសរុបចំនួន ១៣,១៤២ គ្រួសារ។
យោងតាមកាអនុវត្តកម្មវិធីជំនួយកន្លងមកនិងតម្រូវការនាបរិបទ បច្ចុប្បន្ននេះ កម្មវិធីទាំងនេះកំពុងឈានចូលរបត់មួយថ្មីក្នុងទិសដៅមួយសម្រាប់រៀបចំកម្មវិធីកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រាយផ្តល់ការគាំទ្រពេញមួយវដ្តជីវិត ដែលបង្កើនលទ្ធភាពទទួលបានអត្ថប្រយោជន៍ជំនួយសង្គម និងគ្របដណ្តប់វិសាលភាពដល់ប្រជាជនដែលត្រូវការជំនួយ និងជួយបង្កើតមុខងារនៃប្រព័ន្ធរួម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការជំនួយសង្គម។