រសៀលថ្ងៃចន្ទ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនី ប្រមាណ ២០០០ នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រ Man Ou Garment Co.,LTD ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូនក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញទៅមកនៅពេលយើងទទួលរងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅ ដែលជាគោលនយោបាយនៃការចែករំលែកក្នុងការរួបរួមគ្នាតាមគោលការណ៍សាមគ្គីធម៌សង្គម។
ឯកឧត្តមបន្តទៀតថា យើងបាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)មន្ទីរខេត្ត ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅខេត្តព្រះសីហនុ ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕
ឯកឧត្តមអភិបាលរង ក៏បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងខេត្តព្រះសីហនុ ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕