កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពីការរៀបចំផែនការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) ក្រោម អធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក-១៩ ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីខេត្ត លោក លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត អង្គភាព និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៣៧៧រូប នៅសណ្ឋាគារភ្នំពេញ និងតាមប្រព័ន្ធ Zoom Meeting។
សិក្ខាសាលានេះមានគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងពិភាក្សាស្វែងរកវិធីលើកកំពស់ការគ្របដណ្តប់ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញទូទាំងប្រទេស។
លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់សមាជិក-សមាជិកា គ.វ.ក-១៩ និងជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាកត្តាកំណត់ជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស ព្រមទាំងនាំឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អប្រសើរក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ច្រើនជាងគេលើសកលលោក។ បន្ថែមពីលើនេះ លោកជំទាវបានផ្តល់អនុសាសន៍ល្អៗ និងណែនាំឱ្យមន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្តបន្តចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋអាយុ ចាប់ពី៣ឆ្នាំឡើងទៅ ទាំងនៅតាមមណ្ឌល និងនៅតាមទីតាំងចល័ត។
អង្គសិក្ខាសាលាបានចូលរួមពិភាក្សាយ៉ាងផុសផុលដោយបានលើកពីបញ្ហាប្រឈម បទពិសោធន៍ល្អៗដែលអាចយកទៅអនុវត្តបន្ត និងកំណត់ផែនការសកម្មភាពអាទិភាពផងដែរ។