នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស០៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរកមនុស្សទាំង០៣នាក់ (បុរសជនជាតិអាមេរិក ០១នាក់ ,បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក ០១នាក់ និង ស្រ្តីជនជាតិ ឥណ្ឌូនេស៊ី) ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង បានស្វែងរកឃើញមនុស្សទាំង០៣នាក់នោះ។
បន្ទាប់ពីក្រុមការងារចុះទៅដល់កន្លែងស្នាក់នៅ បានរកឃើញថា ជនទាំង០៣នាក់នោះ មិនមានការចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយស្លាកស្នាមនៅលើដងខ្លួន ក៏មិនមានស្នាមរបួសអ្វីដែរ។ ក្រោយមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានសម្រេចចិត្តនាំខ្លួនជនទាំង០៣នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
មនុស្សទាំង០៣នាក់ ឈ្មោះ SATH CHAP ភេទប្រុសជនជាតិខ្មែរ សញ្ជាតិអាមេរិក, ឈ្មោះ DANIEL WAYNE SCOTT ភេទប្រុស ជនជាតិអាមេរិក និង ឈ្មោះ PLASIDIA RETTA RIAMA ភេទស្រី ជនជាតិឥណ្ឌូនេស៊ី បំរើការងារក្នុងក្រុមហ៊ុនជីនប៉ី៤ ស្ថិតនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមសេចក្តីសន្និដ្ឋានដោយ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងតាមកំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះទាំង០៣នាក់មិនមានការចាប់បង្ខាំង វាយធ្វើទារុណកម្មទេ។
បើតាមការស្រាវជ្រាវ ជនទាំង០៣នាក់ មានបុរស ០២នាក់ បានធ្វើការ និងទទួលបានប្រាក់ខែគ្រប់ចំនួន ចន្លោះពី៨០០ដុល្លារ ទៅ ១,០០០ដុល្លារ និងនៅមានប្រាក់រង្វាន់បន្ថែមចន្លោះពី១០,០០០ដុល្លារ ទៅ ៥០,០០០ដុល្លារ នៅពេលដែលពួកគាត់ធ្វើការងារបានល្អ។ បច្ចុប្បន្នពួកគាត់ទាំង០៣នាក់ បានស្នើសុំត្រឡប់ទៅរាជធានីភ្នំពេញវិញ៕