នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។
កិច្ចពិភាក្សាចាប់ផ្តើមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ និងបានជម្រាបជូនពីភូមិសាស្រ្តខេត្តព្រះសីហនុ និងការអភិវឌ្ឍន៍នានា ជាពិសេសភាពរីកចម្រើនរបស់ខេត្ត នារយៈពេលចុងក្រោយនេះក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯឧត្តមអភិបាលខេត្ត ដែលបានឱ្យប្រតិភូរបស់លោក សិក្សាឈ្វេងយល់អំពីកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានជម្រាបជូន លោក វិទិត មុតតាបន ថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និងច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ប្រឆាំងអំពើទាំងឡាយណាដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្តនានារបស់អន្តរជាតិ។
ឯកឧត្តមអភិបាលខេត្ត បានអះអាងទៀតថា អាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់មិនដែលគេចវេសពីតួនាទីរបស់ខ្លួននោះឡើយ ពោលគឺយើងសហការគ្នាអនុវត្តច្បាប់ និងបង្រ្កាបរាល់បទល្មើសដោយគ្មានការបន្ធូរដៃឡើយ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមស្វាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការស្វែងរកឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបានជម្រាបជូនថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃមានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយមានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុតាមរយៈការអូសទាញដោយខុសច្បាប់។ ឯកឧត្តម គួច ចំរើន បានថ្លែងថា “២០ឆ្នាំមុនពលរដ្ឋខ្មែរជាច្រើននាក់រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរ នៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើងជាខ្មែរមានការឈឺចាប់។ ដូច្នេះសម្រាប់នៅកម្ពុជា យើងមិនឱ្យការឈឺចាប់នេះកើតមានទៀតនោះឡើយ”។
កន្លងមកមានការលើកឡើងថា មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុ តែពេលសមត្ថកិច្ចចុះទៅដល់ គឺអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការជាធម្មតា និងអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថាមានករណីចាប់បង្ខាំង។ ហើយករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ដោយសាម៉ីខ្លួន មិនបានប្តឹងឡើយ ហើយក៏មិនមានករណីចាប់បង្ខាំងឡើយ គឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។
ទន្ទឹមនោះក៏មានឧក្រិដ្ឋកម្មគ្រឿងញៀនដែលអាជ្ញាធរខេត្តធ្វើការបង្ក្រាបបានកាលពីពេលថ្មីៗនេះមានចំនួន ៨៧១គីឡូក្រាម បង្កឡើងដោយជនបរទេសនៅក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានជជែកពិភាក្សា និងបានឆ្លើយសំណួរជាច្រើនដែលបានចោទសួរឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ ដោយសំណួរភាគច្រើនផ្តោតលើបញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។
ក្រោយស្តាប់ការពន្យល់បកស្រាយអស់ជាច្រើនម៉ោងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរីករាយស្វាគមន៍ចំពោះការឆ្លើយតបនឹងសំណួររបស់លោក។ ក្នុងជំនួបនោះ លោក វិទិត មុតតាបន បានលើកឡើងថា កិច្ចពិភាក្សានេះគឺបានធ្វើឡើងដោយភាពកក់ក្តៅ និងយោគយល់គ្នាទៅវិញទៅមកពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។ លោកបន្តថា ដំណើរទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺចង់សិក្សាស្វែងយល់បន្ថែមពីបញ្ហាទាំងនេះ ដើម្បីរៀបចំដាក់ក្នុងរបាយការណ៍ការងាររបស់លោកក្នុងនៅចុងឆ្នាំ។
លោក វិទិត មុតតាបន សម្តែងការគាំទ្រចំពោះដំណើរការសិទ្ធិមនុស្សនៅកម្ពុជា និងចង់ដឹងអំពីស្ថានភាពទូទៅក្នុងខេត្តព្រះសីហនុ ទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ដើម្បីរកវិធីដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថាស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ដូច្នេះឯកឧត្តមសំណូមពរដល់ប្រតិភូសូមកត់ត្រាអ្វីដែលជាការពិត និងសូមជូនពរដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា នៅខេត្តព្រះសីហនុទទួលបានជោគជ័យ និងភាពរីករាយ។