រសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក ប្រាក់ អង្គារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីស្វែងយល់អំពីកត្តាប្រឈមក្នុងទីក្រុង នៃខេត្តព្រះសីហនុ និងចុះទស្សនកិច្ចផ្ទាល់នៅទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនប្រតិភូអំពីកត្តាភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣.៣០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំហោះឆ្លងទ្វីបចុះចតបាន ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានផ្លូវល្បឿនលឿនបើកដំណើរការខែ១០ខាងមុខ មានផ្លូវដែក ដោយឡែកក្នុងមូលដ្ឋានខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធស្របតាមគោលនយោបាយស្លឹកត្នោតខ្ចប់ស្កត្នោតកសាងផ្លូវក្នុងក្រុងព្រះសីហនុ ៣៧ខ្សែ ខេត្តមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មានកោះ ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រជាការទាក់ទាញទេសចរណ៍។
ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំក្រុមការងារចុះសិក្សាតំបន់នេសាទទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលប្រជាពលរដ្ឋរស់នៅប្រមូលផ្តុំមិនរៀបរយ ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ទឹកស្អាត ភ្លើង និងតំបន់ប្រជាពលរដ្ឋដែលបានទទួលដីសម្បទានពីរាជរដ្ឋាភិបាល នៅជិតតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ប្រាក់ អង្គារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំប្រតិភូ ដើម្បីស្វែងយល់បញ្ហាប្រឈម និងស្វែងរកកម្មវិធីគន្លឹះ និងមានផលប៉ះពាល់អ្វីខ្លះក្នុងខេត្តនិមួយទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានដែលត្រូវធ្វើការដោះស្រាយ។
លោក ប្រាក់ អង្គារ៉ា អគ្គនាយករង កិច្ចប្រជុំពិភាក្សានេះកំណត់គោលដៅបេសកកម្មផ្តោតសំខាន់លើទីក្រុងដែលជាបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ហើយគម្រោងនេះត្រូវបានការគាំទ្រពីធនាគារពិភពលោក ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយប្រទេសកម្ពុជាមានតំបន់មួយចំនួនទទួលបានថវិកាពីគម្រោងនេះ ដោយផ្តោតសំខាន់នៅរាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនមួយចំនួនទៀត មានដូចជា រាជធានីភ្នំពេញ និងតំបន់ទីប្រជុំជនមួយចំនួនទៀតនៅកម្ពុជា។ ការចុះមកសិក្សានាពេលនេះមានខេត្តគោលដៅចំនួន ៦ ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ហើយការពិភាក្សា ដើម្បីប្រមូលព័ត៌មានទាក់ទងទៅនឹងលំនៅឋានសមរម្ស ដែលជាកាទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងដែនដីផងដែរ។
លោកបានបន្តថា កិច្ចពិភាក្សាផ្តោតសំខាន់ការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ទីដល់ទីក្រុង និងប្រជាពលរដ្ឋ ហើយគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាទឹកជំនន់ ប្រព័ន្ធលូ សំណល់រឹង និងបរិស្ថានជាបញ្ហាសំខាន់នៅក្នុងតំបន់ទីក្រុងដែលមានទឹកជំនន់ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ហើយបញ្ហាអនាម័យ សំណល់រឹង ក៏ជាកង្វល់របស់អាជ្ញាធរកំពុងខ្វល់ខ្វាយដែលចង់បានឆ្នេរសមុទ្រដែលស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តដើម្បីបង្កើនសេដ្ឋកិច្ចសង្គម ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ដែលជាទស្សទានក្នុងការរៀបចំទីក្រុងនៅពេលអនាគត៕