Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ

ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៅភូមិ១ និងភូមិ២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅសាលាឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ចេង ស្រុង ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ គោលបំណងសំខាន់នៃការបិទផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំកំពេញ គឺដើម្បីធានានូវទិន្នន័យដែលមានភាពត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស ទាំងលក្ខណៈច្បាប់ ដោយទុកឱកាសឱ្យអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយអាចធ្វើការជំទាស់ តវ៉ា លើទិន្នន័យដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ។ ការជំទាស់តវ៉ា ឬការកែតំរូវអាចធ្វើក្នុងរយ:ពេល ១៥ថ្ងៃ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅកន្លែងបិទផ្សាយ (ក្នុងបរិវេណសាលាឃុំកំពេញ)។

ពិធីបិទផ្សាយទិន្នន័យជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ភូមិ១ និងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ មានក្បាលដីសរុបចំនួន ៤៨៩ (ភូមិ១ មានក្បាលដីចំនួន ២៥៧ និងភូមិ២ មានក្បាលដីចំនួន ២៣២) យោងលិខិតលេខ២១៩/២២ សជណ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋបានចូលរួមពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសបិទផ្សាយឯកសារវិនិច្ឆ័យដីធ្លីភូមិ១ និងភូមិ២ នៃឃុំកំពេញ ស្រុកស្ទឹងហាវ និងបានកោតសរសើរមន្ត្រី អាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុក ពិសេសមន្ត្រីសុរិយោដីបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ដែលជាដំណាក់កាលទី៣ ដោយមានការសម្របសម្រួល ដើម្បីក្រុមការងារចុះវាស់វែងបានជិត ៥០០ក្បាលដី។ ការចាប់ផ្តើមប្រកាសតំបន់វិនិច្ឆ័យ និងឈានទៅទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដើម្បីយកទៅប្រើប្រាស់នៅពេលខាងមុខ។
ឯកឧត្តម អភិបាលខេត្តសង្ឃឹមថា ប្រជាពលរដ្ឋភូមិ១ និងភូមិ២ ចូលរួមឱ្យបានពេញលេញ ព្រោះការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនេះវាមានប្រសិទ្ធិភាពអាចយកទៅប្រើប្រាស់តាមតម្រូវការ ពិសេសកុំយកប័ណ្ណនេះទៅខ្ចីលុយធនាគារយកទៅលេងល្បែងស៊ីសង ដូចជាកន្ទុយលេខ ព្រោះបញ្ហាកន្ទុយលេខបច្ចុប្បន្នមានការព្រួយបារម្ម ព្រោះប្រជាពលរដ្ឋមានការលេងយ៉ាងផុលផុស យើងគួរចៀសវាង ព្រោះវាជាល្បែងស៊ីសងវាប៉ះពាល់ដល់ជីវភាពគ្រួសារ អាចបង្កជាអំពើហឹង្សាក្នុងគ្រួសារជាដើម ទន្ទឹមនោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាត្រូវចាប់អារម្មណ៍ទាំងអស់គ្នា សូមឪពុក ម្តាយ និងអាណាព្យាបាលជួយអប់រំផ្សព្វផ្សាយដល់កូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះវាធ្វើឱ្យប៉ះពាលសុខភាព កិត្តិយសគ្រួសារ បង្កជាអំពើហឹង្សាក្នុងគ្រួសារ រឿងល្អបំផុតកត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។
ឯកឧត្តម អភិបាលខេត្ត បន្តថា ការបិទផ្សាយទិន្នន័យដីធ្លីភូមិ១ និងភូមិ២ ឃុំកំពេញរយ:ពេល ១៥ថ្ងៃនេះ ដើម្បីឱ្យម្ចាស់ក្បាលដីពិតប្រាកដអាចពិនិត្យលើរូបរាង សណ្ឋានដីដែលបានបញ្ជាក់អំពីទំហំ ទីតាំង ព្រោះយើងគណនាតាមម៉ាស៊ីនដែលមានភាពសុក្រិត្យ ដើម្បីឪ្យអ្នកកាន់កាប់ធ្វើការផ្ទៀងផ្ទាត់ កែតម្រូវរយ:ពេល១៥ថ្ងៃ ព្រោះវាមានសារសំខាន់ណាស់ ត្រូវយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវប្រជាពលរដ្ឋដែលដល់ពេលចាក់វ៉ាក់សាំង ត្រូវបន្តទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងគ្រប់ដូស។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋពាក់ម៉ាស ដើម្បីការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដទាំងអស់គ្នា ទន្ទឹមនោះយើងត្រូវចូលរួមគោរពច្បាស់ចរាចរណ៍ ដើម្បីកាត់បន្ថយការស្លាប់ និងរងរបួស និងពិការភាពឱ្យបានគ្រប់គ្នា ព្រោះព្រះរាជាណាចក្រកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធល្អ ក៏ប៉ុន្តែការគ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាប្រឈមផងដែរ៕