លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ ខេត្តព្រះសីហនុ បានមានប្រសាសន៍នឹងធ្វើបទបង្ហាញពីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី»ដល់បុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ខេត្តព្រះសីហនុ បានឱ្យដឹងអំពីស្ថានភាពទូទៅខេត្តព្រះសីហនុ ដោយសក្តានុពលទេសចរណ៍ខេត្ត ក្នុងការគ្រប់គ្រងស្ថិតិទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលការណ៍រៀបចំស្ដង់ដារ៉ឺម៉កកង់បីខេត្តព្រះសីហនុ គឺឱ្យមានស្ដង់ដារ៉ឺម៉ក ក្នុងការចុះបញ្ជីមានស្លាកលេខ និងមានឈៀកត្រឹមត្រូវ ព្រមទាំងមានគុណភាព សោភ័ណ្ឌភាព អនាម័យ និងស្លាកសញ្ញាសម្គាល់សមាគម និង(QR Code)ហើយក្នុងបុគ្គលិក ឬអ្នកបើកបរ ត្រូវមានការបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច សេវាកម្មដឹកជញ្ជូន ក្រមសីលធម៌ និងច្បាប់ចរាចរ។ល។ ដោយមានស្ដង់ដាសំលៀកបំពាក់ និងស្បែកជើងត្រឹមត្រូវ(អាវដៃវែងឬខ្លី ពណ៌ខៀវទឹកប៉ិច រីឯខោពណ៌ខៀវទឹកប៉ិចឬខ្មៅ អាវកាក់ពណ៌ប្រផេះឬទឹកសមុទ្រ និងមានប៉ាក់ឡូហ្គោសផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី»
ព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នំា២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី» នៅមន្ទីរអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ក្នុងខេត្តព្រះសីហនុ ប្រមាណ ៨០នាក់។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តាំងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងកម្មពិធីស្តីពី «ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី» ដោយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោម វិស័យអាទិភាពនានា ចូលរួមជម្រុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្ស សម្បតិ្តវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់ ហើយខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ និងនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេចរណ៍ជាតិផ្អែកលើសក្តានុពលដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ រួមមាន កំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាម ទឹកជ្រោះក្បាលឆាយ និងធនធាននៅបាតសមុទ្រជាដើមដែលផ្តល់សក្តានុពលយ៉ាងធំធេងសម្រាប់អភិវឌ្ឍទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា និងសម្រាកកំសាន្តច្រើនជារៀងរាល់ឆ្នាំ ដោយឡែកការរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងពិភពលោកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជាវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាទាំងមូល។
ក្នុងនោះផងដែរឯកឧត្តម អភិបាលរងខេត្តបានបន្តទៀតថាដោយមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធដែលបានគ្រាំទ្រយ៉ាងពេញទំហឹងទាំងផ្នែកហរិញ្ញវត្ថុ វិធានការនៃគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩ ការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរការបើកគោលដៅ និងសេវាកម្មទេសចរណ៍ទាំងអស់ឡើងវិញ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងវិស័យឯកជនក្នុងការពង្រឹងការអភិវឌ្ឍកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសុវត្ថិភាព ការដឹកជញ្ជូន សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ សាធារណៈ គុណភាពនៃសម្បទា និងសេវាកម្មតាមរយៈយុទ្ធនាការទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាផ្សេងៗ រួមទាំងការផ្សព្វផ្សាយគោលដៅទេសចរណ៍បានកាន់តែទូលំទូលាយ ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតមាន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក មានផ្លូវល្បឿនលឿន និងដាក់ឱ្យដំណើរការឆាប់ៗនាពេលខាងមុខនេះ និងមានសណ្ឋាគារភោជនីយដ្ឋានលំដាប់អន្តរជាតិក្នុងការទទួលភ្ញៀវទេសចរណ៍ ដែលបានជម្រុញឱ្យមានកំណើនភ្ញៀវទេសចរកើនយ៉ាងខ្លាំង ជាពិសេសភ្ញៀវទេសចរក្នុងស្រុក៕