រសៀលថ្ងៃពុធទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីធ្វើបច្ចុប្បន្នភាពពត៌មាន និងសន្តិសុខលម្ហសមុទ្រដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ ក្នុងនោះ៖
-ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤
-ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩
-ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦
-ស្រុកស្ទឹងហាវ មានកោះចំនួន១។
ក្នុងចំណោមកោះទាំង៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន១៩ ត្រូវបានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍពីរាជរដ្ឋាភិបាលដែលមាន ២៣ក្រុមហ៊ុន។
លោកអភិបាលរងខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តស្វាគមន៍គណៈប្រតិភូដែលបានមកធ្វើបច្ចុប្បន្នភាពព័ត៌មានសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ ក៏ដូចជានៅតាមបណ្តាកោះមួយចំនួនទៀតក្នុងខេត្តជាប់សមុទ្រ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានវិសាលភាពក្នុងការគ្រប់គ្រងគ្របដណ្តប់ក្នុងការឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួនក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំ ពារបរិស្ថានផងដែរ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង បានបន្តថា ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំឡើងវិញស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រ ទាមទាឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែស៊ីជំរៅ និងមាន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា៕