រសៀលថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ ស្តីពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសហការី នៅសាលាខេត្តព្រះសីហនុ។
លោក CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងាររបស់តំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត ក្នុងការគាំទ្រធ្វើឱ្យតំបន់សេដ្ឋកិច្ជពិសេសដំណើរការបានល្អ ទោះបីជួបនឹងវិបត្តិកូវីដក៏ដោយក៏តំបន់សេដ្ឋកិច្ចពិសេសនៅតែដំណើរការរបស់ខ្លួនបានល្អ។ ចាប់ពីឆ្នាំ២០២០ ដល់២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការកើនឡើងជាង ២០ភាគរយ។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលមានចំនួន ១.៤០០លានដុល្លាសហរដ្ឋអាមេរិក កើនឡើង៣៨ភាគរយ បេីប្រៀបធៀបឆ្នាំ២០២១ ការកើនឡើងនេះមិនអាចផ្តាច់ចេញពីការដឹកនាំរបស់សម្តេចតជោ និងឯកឧត្តមអភិបាលខេត្តទេ ។ ទោះបីកូវីដ១៩ ខេត្តជាំងស៊ូ និងខេត្តព្រះសីហនុនៅតែរក្សាទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និត និងរៀបចំប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត នៃប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោកប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសបានបន្តថា ឥឡូវតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងធំមួយទៀត គឺបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ប្រហែលនៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខ រោងចក្រនឹងបើកដំណើរការសាកល្បង និងស្មើសុំការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ព្រោះរោងចក្រត្រូវការបុគ្គលិកជាច្រើននាក់ផងដែរ ទន្ទឹមនោះយើងក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលបានយកចិត្តទុកដាក់ ដើម្បីពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ជំហានបន្ទាប់ខិតខំទាក់ទាញសហគ្រាសបច្ចេកវិទ្យាប្រទេសចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដោយសារខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។ តំបន់សេដ្ឋកិច្ចពិសេសដើរតួនាទីជាស្ពាន ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ មានវិស័យមួយចំនួនដូចជា សុខាភិបាល អប់រំ និងទេសចរណ៍ ពិសេសធ្វើជាស្ពានក្នុងការសម្របសម្រួលក្នុងកិច្ចប្រជុំទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី នៅខែកញ្ញាខាងមុខដែលជាខេត្តបានចុះ MOU រួចហើយកាន់តែស៊ីជំរៅ និងត្រៀមបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីការខកខានដោយសារវិបត្តិកូវីដ-១៩។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណតំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានរាយការណ៍ពីទំហំនៃការនាំចេញនាំចូលពិសេសរយៈពេល ៦ខៃដើមឆ្នាំ២០២២នេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ជាសកម្មភាពមួយក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយជោគជ័យ ដើម្បីកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ពិសេសបានជួយដោះស្រាយការងារជូនយុវជនកម្ពុជា។
ឯកឧត្តមបានបន្តថា តាមរយៈកាកបាទក្រហមខេត្តជាំងស៊ូ បានជួយគម្រោងជំនួយវិស្វកម្មកសាងសួនកុមារ បន្ទប់ទឹក និងការកែលម្អរ សោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យបិតត្រាំងមិត្តភាពជាំងស៊ូ ព្រះសីហនុ នៅឃុំបិតត្រាំង ស្រុកព្រៃនប់។
ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណគុណតំបន់សេដ្ឋកិច្ចពិសេសគ្រោងបើករោងចក្រផលិតសំបកកង់រថយន្ត ជាគម្រោងធំមួយទៀតនៅឆ្នាំ២០២៣ខាងមុខ តំបន់សេដ្ឋកិច្ចពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតកម្មកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសបានជួយសម្របសម្រួលជំរុញឱ្យខេត្តបងប្អូនបានដំណើរការល្អ ហើយសង្ឃឹមថា កិច្ចប្រជុំនៅខែកញ្ញាខាងមុខទទួលបានការរីកចម្រើន ផ្តល់ឱកាសជួបពិភាក្សានូវសកម្មភាពជាច្រើន ហើយអាជ្ញាធរខេត្តព្រះសីហនុ សូមគាំទ្រគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងជួយផ្សព្វផ្សាយដល់យុវជនរបស់យើងចូលធ្វើការនៅរោងចក្រតាមតម្រូវការនៅពេលខាងមុខ។ កម្ពុជាបានបើកសេដ្ឋកិច្ចសង្គមឡើងវិញ បើកជើងហោះហើរ ដោយឡែកប្រទេសចិននៅមានរបាំងកូវីដ សង្ឃឹមថានៅពេលខាងមុខប្រទេសចិននឹងបើករបាំងកូវីដ បង្កើតជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ៕