ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» និងធ្វើការដុតបំផ្លាញចោលនូវគ្រឿងញៀនដែលកម្លាំងសមត្ថកិច្ចធ្វើការដកហូតបានមកពីខេត្តចំនួន០៣ មានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ចំនួនជាង ៦០គីឡូក្រាម។
ពិធីនេះប្រារព្វធ្វើឡើងនៅដីឡូតិ៍ទំនេរ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា គោលបំណង នៃការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាការបង្ហាញដល់មហាជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យយើងបាត់បង់កម្លាំងពលកម្ម និងធនធានមនុស្សថែមទៀតផង។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនក្នុងខេត្តទាំង០៣នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។ ជាពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង០៣ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដម មាស វិរិទ្ធ មានប្រសាសន៍ផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យជាប់ជាប្រចាំ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ថ្ងៃនេះយើងជួបជុំគ្នារៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលគ្រឿងញៀនដែលកម្លាំងសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់របស់យើងធ្វើការបង្ក្រាបបានជាង០១ឆ្នាំកន្លងមកនេះមកពីខេត្តចំនួន០៣ មានខេត្តព្រះសីហនុ ខេត្តកំពត និងកំពង់ស្ពឺ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវអប់រំកូនចៅរបស់ខ្លួនឱ្យនៅឆ្ងាយពីគ្រឿងញៀន ម្យ៉ាងទៀតការប្រើប្រាស់បារីអេឡិចត្រូនិក ក៏ជាសញ្ញាបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងខាតថវិកា។ ជាមួយគ្នានោះក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ មកលើខ្លួនយើង គ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួនរស់នៅ និងត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ដូស និងគ្រប់គ្នា៕