Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់

កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប វន្នី ព្រមទាំងសប្បុរសជននានា បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សារបស់សប្បុរសជនជាតិ-អន្តរជាតិមកពីរាជធានីភ្នំពេញ និងសាធារណរដ្ឋកូរ៉េទៅចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន៣០០ នាក់នៅសាលាបឋមសិក្សាចំការកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្មវិធីនេះមានការចូលរួមសម្របសម្រួលដោយមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋបាលសង្កាត់លេខ១ និងលោកនាយកសាលា។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស លោកអភិបាលរងបានផ្តាំផ្ញើដល់មាតាបិតា និងអាណាព្យាបាលសិស្សឱ្យខិតខំយកចិត្តទុកដាក់លើ មិនត្រឹមតែការសិក្សាទេ គឺត្រូវផ្តល់ភាពសំខាន់ទៅលើអាហារូបត្ថម្ភ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍខួរក្បាលរបស់កុមារនាបឋមវ័យផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាលរងក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ជាពិសេសគ្រូថ្នាក់មត្តេយ្យ និងបឋមសិក្សា ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តបង្ហាត់បង្រៀនសម្រឹតសម្រាំង កុមារកម្ពុជាឱ្យក្លាយជាសិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គមនាពេលអនាគត។
ជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសាលា និងអភិវឌ្ឍវិស័យអប់រំខេត្ត លោកអភិបាលរងបានចំណាយថវិកាផ្ទាល់ខ្លួនជួយឧបត្ថម្ភទ្រទ្រង់ដល់សាលាចំនួន ២លានរៀលផងដែរ។
សូមបញ្ជាក់ផងដែរថាក្នុងកម្មវិធីនេះសិស្សានុសិស្សម្នាក់ៗទទួលបាន កាបូបដាក់សម្ភារៈសិក្សា ១,អាវស ១,សៀវភៅសរសេរ ២ក្បាល ប៊ិច ២ដើម ទឹកលុប ១ដើម ខ្មៅដៃ២ ដើម ដែកឃួងខ្មៅដៃ ១ ក្តារឈ្នួន ១ បន្ទាត់ ១ នំប៉័ងផ្អែម១២កញ្ចប់តូច និងទឹកដោះគោមួយដុំ និងសម្លៀកបំពាក់ថ្មីៗមួយចំនួនផងដែរ។