នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឃាង ភារម្យនាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើរបស់អាជីវករលក់ដូរនៅផ្សារលើ ឈ្មោះ អ៊ុក ចាន់ធឿន, អ៊ុក ថាម, នេន ស្រីឯក, អ៊ិន សុខុន, សែស រ៉ាវី និងហ៊ី រ៉េត ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្នើសុំអន្តរាគមន៍ឱ្យពួកគាត់អាចលក់ដូរនៅកន្លែងដើមវិញ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុងព្រះសីហនុ តំណាងចៅសង្កាត់លេខ៤ លោកប្រធានផ្សារលើ លោកប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) និងអាជីវករទាំង៦រូបដែលជាម្ចាស់សំណើ។
សូមជម្រាបជូនថា កន្លងមកដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ជាពិសេសការឆ្លងរាលដាលនៅតាមទីផ្សារនានា ដែលជាទីតាំងដែលមានការប្រមូលផ្តុំ ហើយរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ និងមួយផ្នែកនៃក្រុងស្រុកនានា ព្រមទាំងចេញសេចក្តី សម្រេចបិទផ្អាកជាបណ្តោះអាសន្ននូវដំណើរការអាជីវកម្មទីផ្សារនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ចំពោះករណីផ្សារលើក្រុងព្រះសីហនុ ក៏ដូចជាទីផ្សារផ្សេងទៀតកន្លងមកគឺមានអាជីវករមួយចំនួន បានលក់ដូរមិនមានរបៀបរៀបរយ មិនមានអនាម័យ និងសុវត្ថិភាពដល់សុខភាពបងប្អូនអាជីវករ ហើយត្រូវបានរដ្ឋបាលខេត្តចេញសេចក្តីសម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយសារមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារ។
ក្នុងកំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រ នៃខេត្តព្រះសីហនុ ទាំងប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បានចូលរួមសហការជាមួយអាជ្ញាធរខេត្តបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុមានការថយចុះជាលំដាប់។ រហូតដល់កំឡុងខែសីហា ឆ្នាំ២០២១ ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុមានការថយចុះរដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ដើម្បីបើកឱ្យដំណើរការឡើងវិញនូវអាជីវកម្មលក់ដូរនៅតាមទីផ្សារ ដែលបានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត សំដៅទប់ស្កាត់ការឆ្លងរាលដាលឡើងវិញនៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រធានផ្សារទាំងអស់ ត្រូវធ្វើការរៀបចំកែលម្អទីតាំងលក់ដូរឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ច្រកចេញចូលធំទូលាយ មានសោភ័ណភាព មានគម្លាតសុវត្ថិភាព និងអនាម័យ ដើម្បីទទួលបានការអនុញ្ញាតបើកដំណើរការឡើងវិញ។ ដោយឡែកចំពោះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅក្នុងផ្សារលើទៅតាមគោលការណ៍ការណែនាំរបស់រដ្ឋបាលខេត្ត គឺមានផលប៉ះពាល់ដល់អាជីវករចំនួន៦រូបដែលបានលក់ដូរនៅលើផ្លូវ និងមុខក្លោងទ្វារច្រកចេញចូលផ្សារ។ ដូច្នេះដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ច្រកចេញចូលធំទូលាយ មានសោភ័ណភាព មានគម្លាតសុវត្ថិភាព និងអនាម័យល្អ ព្រមទាំងបញ្ចៀសបានការឆ្លងរីករាលដាលជំងឺកូវីដ-១៩សារជាថ្មី គឺអ្នកគ្រប់គ្រងផ្សារស្នើសុំឱ្យបងប្អូនអាជីវករទាំង៦រូប រកតូបលក់ដូរក្នុងផ្សារលើវិញ និងមិនអាចអនុញ្ញាតឱ្យបងប្អូនលក់ដូរប្រមូលផ្តុំនៅលើផ្លូវ និងមុខក្លោងទ្វារច្រកចេញចូលផ្សារដែលធ្វើឱ្យមានភាពតូចចង្អៀតបន្តទៀតទេ។
បន្ទាប់ពីពិភាក្សា និងស្តាប់មតិរួចមក អង្គប្រជុំបានឯកភាព និងសម្រេចដូចខាងក្រោម៖
-រដ្ឋបាលខេត្តគាំទ្រការប្រកបរបរទទួលទានដោយសុចរិតរបស់បងប្អូន តែមិនគាំទ្រការលក់ដូរ នៅលើចំណីផ្លូវ ក្លោងទ្វារ ឬទីតាំងច្រកចេញចូលផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពនោះទេ ជាពិសេសហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩
-ស្នើសុំដល់បងប្អូនអាជីវកររបស់យើង មានការយោគយល់ និងចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ឡើងវិញ ដោយត្រូវរកទីតាំងតូបលក់ដូរនៅក្នុងផ្សារឱ្យបានសមរម្យ
-រដ្ឋបាលខេត្តសូមផ្តល់ជូនជម្រើសជូនបងប្អូនអាជីវករទាំង៦រូប (ទី១-រកតូបលក់ដូរនៅក្នុងផ្សារលើ និងទី២-បងប្អូនអាចទៅលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន)ដោយមិនគិតថ្លៃឈ្នួលតូបក្នុង រយៈពេល១ឆ្នាំ)
-ស្នើឱ្យលោកប្រធានផ្សារលើ សិក្សាទីតាំងទំនេរនៅក្នុងផ្សារមេឃ ដើម្បីផ្ដល់កន្លែងលក់ដូរជូនបងប្អូនអាជីវករទាំង៦រូប ក្នុងករណីបងប្អូនចង់បន្តលក់ដូរនៅក្នុងផ្សារលើ ហើយមិនមានលទ្ធភាពជួលតូបលក់ដូរ
-សូមណែនាំដល់លោកប្រធានផ្សារ និងអាជីវករនៅក្នុងផ្សារលើ ត្រូវបន្តអនុវត្តខ្លឹមសារសេចក្តីសម្រេចលេខ១៨៥/២១សសរ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់។