ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤០វត្ត នៅក្នុងខេត្តព្រះសីហនុ។ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអជ្ញាធរស្រុកព្រៃនប់ បានអញ្ជើញចូលរួមនាំយកទៀនព្រះវស្សាក្នុងពុទ្ធសីមាទាំង៤០វត្ត ក្នុងខេត្តព្រះសីហនុ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន (វត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទៀនព្រះវស្សាត្រូវបានវេរប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ គឺក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិហើយព្រះភិក្ខុសង្ឃ បានគង់ចាំព្រះវស្សាគ្រប់៣ខែ ទើបមានសិទ្ធិទទួលកឋិនអំពីពុទ្ធបរិស័ទ ដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ការចូលព្រះវស្សាក្នុងន័យការពារទប់ស្កាត់ការនិមន្តទៅកាន់ទីឆ្ងាយផ្សេងៗ ព្រោះក្នុងរដូវខែនេះមានភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យព្រះសង្ឃពិបាកក្នុងការចេញទៅបិណ្ឌបាត។
ពិធីប្រគេនទៀនចំណាំងព្រះវស្សានេះបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំបានធ្វើការអុជទៀនធូបបូជាសុំសេចក្តីសុខ និងធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងវេរប្រគេននូវទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ជាព្រះចៅអធិការវត្តទាំង៤០វត្តក្នុងខេត្តព្រះសីហនុ។
ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តទាំង៤០ ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា០១គូ ស្លាដក០១ អង្ករ១០០គីឡូក្រាម មី០២កេសធំ ត្រីខ០២កេសធំ ទឹកត្រី០៤យួរ ទឹកស៊ីអីវ០៤យួរ ទឹកបរិសុទ្ធ១០កេស ទឹកក្រូច០៤កេស ខារ៉ាបាវ០៤កេស ទឹកដោះគោខាប់០១កេស ស្ករស០៤គីឡូក្រាម តែ០៤គីឡូក្រាម និងប្រគេនជូនចំពោះព្រះសង្ឃ៤០អង្គ មួយអង្គ១០ម៉ឺនរៀល ប្រគេនវត្ត៤០ក្នុងមួយវត្តបច្ច័យ១លានរៀល និងយាយជីតាជី៣៥នាក់ ក្នុងម្នាក់២ម៉ឺនរៀល៕