ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «ការផ្តល់សុពលភាព លើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង វាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការសកម្មភាពដែលគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាមេត្រីភាពបរិស្ថានក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ» ក្រោមអធិបតីភាពឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន។ សិក្ខាសាលានេះ សហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ក្នុងគោលបំណងពិនិត្យ និងផ្ដល់សុពលភាពនិងផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង នៅខេត្តសៀមរាប។
គម្រោងនេះនឹងបង្ហាញអំពីដំណោះស្រាយ និងបច្ចេកវិទ្យាមេត្រីភាពបរិស្ថានសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុលើវិស័យនានា។ នៅក្នុងខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ត្រូវបានជ្រើសរើសជាទីតាំងអនុវត្តគម្រោង ដោយប្រើ បច្ចេកវិទ្យាចំនួន១១សម្រាប់យកមកពិភាក្សាពាក់ព័ន្ធនឹងប្រសិទ្ធភាព និងលទ្ធភាពប្រើប្រាស់ឱ្យមានភាពសមស្របនិងស៊ីសង្វាក់នៅក្នុងបរិបទបច្ចុប្បន្ន។