ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ានបានធ្វើជាម្ចាស់ផ្ទះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន(ASCC Council Chair) និងលោកសាស្រា្តចារ្យបណ្ឌិត Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងមានការចូលរួមពីគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តយស ព្រមទាំងសិក្ខាកាម នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។
សិក្ខាសាលានេះ មានអ្នកចូលរួមដោយផ្ទាល់ចំនួនជាង១០០នាក់ ដែលជាគ្រូអប់រំបច្ចេកទេស គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តំណាងមកពីវិស័យឯកជន អ្នកជំនាញការអន្តរជាតិនិងអ្នករៀបចំគោលនយោបាយមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រៀបចំឡើងក្នុងគោលបំណងឱ្យអ្នកជំនាញ នៃវិស័យឯកជន និងអ្នកជំនាញលើប្រធានបទ (SMEs) អ្នកអនុវត្ត និងគ្រូបង្រៀនមុខវិជ្ជា អប់រំបច្ចេកទេស មកពីតំបន់អាស៊ីអាគ្នេយ៍បានចែករំលែកចំណេះដឹង បទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈល្អៗ ក្នុងការដោះស្រាយ បញ្ហាប្រឈម និងតម្រង់ទិស នៃការអប់រំបច្ចេកទេសឱ្យសម្របតាមតម្រូវការ និងបរិបទការងារដែលកំពុងមានការផ្លាស់ប្តូរ នៅក្នុងតំបន់។
សិក្ខាសាលានេះ ជាព្រឹត្តិការណ៍អម ដែលកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទំាងអស់គ្នា»។ លទ្ធផលនៃសិក្ខាសាលានឹងជួយពង្រឹង និងពង្រីកការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឱ្យកាន់តែទូរលំទូលាយថែមទៀត ពិសេសទំនាក់ទំនងរវាងវិស័យឯកជន គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងអ្នករៀបចំគោលនយោបាយ។