ព្រឹកថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។
លោក សំ សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជំនួសលោក ទុំ ណូ ដែលត្រូវបានផ្ទេរភារកិច្ចអោយទៅកាន់ជាប្រធានសាខាគយខេត្តកោះកុង វិញ។
ឯកឧត្តម ម៉ាង ស៊ីណេត អបអរសាទលោក សំ សុវណ្ណារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ទំនុកចិត្តតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករខេត្តឱ្យទទួលបានជោគជ័យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសសម្រេចឱ្យបានតាមផែនការកំណត់ក្នុងការប្រមូលពន្ធនាំចេញ-ចូលប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការបង្ក្រាបរាល់បទល្មើសគេចពន្ធរបស់គយក្នុងខេត្តព្រះសីហនុ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មាន (ករណីរថយន្តចង្កូតស្ដាំជាដើម)។
ឯកឧត្តម អភិបាលស្តីទី បានធ្វើការណែនាំលោកប្រធានសាខាគយ និងរដ្ឋាករខេត្តថ្មី ត្រូវយកចិត្តទុកដាក់បន្ថែមទៀតបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារប្រមូលចំណូលពន្ធនៅខេត្ត មានការអភិវឌ្ឍរីកចម្រើន។ មានសាមគ្គីភាពផ្ទៃក្នុង និងកិច្ចប្រតិបត្តិការល្អទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់ជាមួយគ្រប់មន្ទីរ- អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់។ ប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យត្រូវមានទំនួលខុសត្រូវខ្ពស់បំពេញការងារ ដោយបង្ហាញពីចំណេះដឹង និងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងផ្នែករឹង ជាពិសេសត្រូវមានគំនិតផ្តួចផ្តើម និងភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការ និងចក្ខុវិស័យ ដើម្បីអភិវឌ្ឍអង្គភាពរបស់ខ្លួនមានការរីកចម្រើនទៅមុខជាលំដាប់។
ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្តែងការសាទរប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុថ្មី ហើយក៏មិនមែនជារឿងអ្វីប្លែកនោះទេ ចំពោះការផ្លាស់ប្តូរប្រធានស្នាក់ការ គឺជាការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកៀគរចំណូលថវិកាជាតិ។ នៅឆ្នាំ២០១៩ ការប្រមូលចំណូលជាតិមានសន្ទុះកើនឡើងខ្ពស់ ពិសេសពន្ធលើយានយន្ត។ ការងារបច្ចេកទេសរបស់សាខាគយ គឺសម្រួលពាណិជ្ជកម្ម ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានលើកលែងពន្ធការនាំចូលពាក់ព័ន្ធនិងវិស័យកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី ជំនាញវិជ្ជាជីវៈ ត្រូវសហជាមួយអង្គភាពពាក់ព័ន្ធ និងបង្ការទប់ការនាំចូលរថយន្តចង្កួតស្តាំ៕