នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ម៉ម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារជាមួយអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ការវិវឌ្ឍរីកចម្រើនថ្មី បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខស្ថិតនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អរគុណឯកឧត្តមប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូស្វែងយល់អំពីការអភិវឌ្ឍភាពការងាររបស់ខេត្តព្រះសីហនុ និងបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ខេត្តមានក្រុង២ ស្រុក៣ ស្មើនឹង ២៩ឃុំ សង្កាត់ មានហេដ្ឋារចនាសម្ពន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ខេត្តមានកំពង់ផែអន្តរជាតិ ចំនួន៣ ក្នុងនោះកំពង់ ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ មានទំនិញចេញ-ចូលឆ្លងបកាត់ប្រមាណ ៧០ភាគរយនៅទូទាំងប្រទេស។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលជប៉ុន JICA កំពុងបន្តពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជំហានទី២ និងទី៣ អាចឱ្យនាវាដែលមានជំរៅទឹករហូត ១៧.៥០ម៉ែត្រ ឱ្យនាវា ៩០ភាគរយនៅលើពិភពលោកចូលចត និងធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ។ ខេត្តមានផ្លូវគោក ផ្លូវជាតិលេខ៣ លេខជាតិលេខ៤ ផ្លូវដែក និងផ្លូវល្បឿនលៀនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែ ១០ខាងមុខ។ ខេត្តមានផ្លូវអាកាសពង្រីកផ្លូវរត់រហូត ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំឆ្លងទ្វីបចុះចតបាន និងកំពុងសាងសង់ស្ថានីយចេញដំណើរ។
ឯកឧត្តម អភិបាលរងខេត្តបានបន្តថា ដោយអនុវត្តគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោត រាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាសន្សំសាងសង់ផ្លូវចំនួន ៣៧ខ្សែក្នុងក្រុងព្រះសីហនុ ក្នុងនោះក៏មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ បន្ទប់បទឹកសាធារណៈ លំហរឆ្នេរសមុទ្រ និងសមិទ្ធផលរង្វង់មូលជាប្រវត្តិសាស្រ្តដែលជាទីតាំងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ ៥កំពុងដំណើរការ ហើយចក្ខុវិស័យរបស់ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិដ៍សំខាន់នៅតំបន់ឆ្នេរ។ រាជរដ្ឋាភិបាលកំណត់ក្នុងផែនការរៀបចំដែនដីខេត្តចក្ខុវិស័យឆ្នាំ ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សាសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយ នឹងបរិស្ថានរស់នៅល្អ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីសក្តានុពលការអភិវឌ្ឍរបស់ខេត្ត ចក្ខុវិស័យខេត្ត និងផ្នែកជំនាញពាក់ព័ន្ធរបស់ព្រឹទ្ធសភាមានដូចជា វិស័យអប់រំ វិស័យទេសចរណ៍ វិសយវប្បធម៌ និងវិស័យធម្មការ និងសាសនារួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធដែលបាននឹងកំពុងអនុវត្តតួនាទី ភារកិច្ចដោយទទួលខុសត្រួវខ្ពស់ចំពោះជំនាញនីមួយៗទទួលបានលទ្ធផលផ្លែផ្កា ដែលជាសេនាធិការឱ្យអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងសាម៉ីបានល្អប្រសើរ។
ឯកឧត្តម ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភាមានស្រសាសន៍ថា ខេត្តព្រះសីហនុ បានបង្កើតកាលពីសម័យសង្គមរាស្រ្តនិយមក្រោមស្នារព្រះហស្តសម្តេចព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ បានកសាងកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ហើយសមិទ្ធផលនេះកើតឡើងក្នុងអំឡុងទស្សវត្តឆ្នាំ៦០ និងមានការរីកចម្រើនរហូតសព្វថ្ងៃនេះ ហើយផ្នែកសុខភាពសាធារណៈ ក៏មានការរីកចម្រើនគួរឱ្យកត់សំគាល់ផងដែរ។
ឯកឧត្តម ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានបន្តថា កិច្ចប្រជុំពិភាក្សាការងារ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍបញ្ហាប្រឈម និងចក្ខុវិស័យរបស់អាជ្ញាធរខេត្ត ព្រមទាំងការងារពាក់ព័ន្ធនានា ជាវិស័យពាក់ព័ន្ធសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅខេត្ត្ពព្រះសីហនុ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយវិនិយោគនៅខេត្តព្រះសីហនុ តម្រូវឱ្យយើងទាំងអស់បគ្នាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវធ្វើជាគំរូល្អក្នុងការដឹកនាំខេត្តព្រះសីហនុ ឈានឆ្ពោះទៅការអភិវឌ្ឍរីកចម្រើន ទន្ទឹមនោះក៏ធានាការងារសន្តិសុខ សុវត្ថិភាពសាធារណជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ៕