នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី និរន្តរភាពរបស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីអភិបាលរងទទួលបន្ទុក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង២៥ តំណាងមកពីស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួនប្រមាណ ៧៥រូប។ សិក្ខាសាលានេះមានគោលបំណង ប្រមូលធាតុចូលពាក់ព័ន្ធនឹងបញ្ហាសំខាន់នានាដែលក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់កំពុងប្រឈម ព្រមទាំងចែករំលែកបទពិសោធន៍និងដំណោះស្រាយ ព្រមទាំងរកវិធីសាស្ត្រត្រៀមខ្លួនសម្រាប់ដំណាក់កាលអន្តរកាលសម្រាប់គម្រោងឆ្លើយតបនឹងជំងឺគ្រុនចាញ់។
ថ្លែងក្នុងការបើកសិក្ខាសាលាឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានជាពិសេសថ្នាក់ភូមិ ឃុំ និងអ្នកស្ម័គ្រចិត្តភូមិ និងចល័តទាំង៦,៥០០នាក់ ដែលជាអ្នកធ្វើការយ៉ាងជិតស្និទ្ធ និងស្គាល់ភូមិសាស្ត្រច្បាស់លាស់ ដែលអាចកំណត់តំបន់មានការឆ្លងច្រើន ដែលផ្តល់ភាពងាយស្រួលក្នុងការឆ្លើយតបទាន់ពេលវេលា។
ស្របតាមប្រសាសន៍ដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម(ប្រភេទសន្ធំ) ឱ្យបាននៅឆ្នាំ២០២៣ និងប្រភេទវីវ៉ាក់ (ប្រភេទលាប់) នៅឆ្នាំ២០២៥ ព្រមទាំងរិះរកមធ្យោបាយរក្សានិរន្តភាពក្នុងការទប់ស្កាត់ការកើនឡើងមកវិញនៃចំនួនអ្នកជំងឺផងដែរ។
ជាលទ្ធផលអង្គសិក្ខាសាលាបានពិភាក្សាទៅលើការចាត់ចែងថវិកា និងធនធានមនុស្សសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់បន្ទាប់ពីចំនួនអ្នកកើតជំងឺគ្រុនចាញ់ធ្លាក់ដល់កម្រិត០។