ដោយខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តជាំងស៊ូ ប្រទេសចិន, នារសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីដែលជាតំណាងមកពីមន្ទីរនិងស្ថាប័នពាក់ព័ន្ធចូលរួមវេទិកាសប្តាហ៍ទីក្រុងមិត្តភាពអន្តរជាតិខេត្តជាំងស៊ូ សម្រាប់កិច្ចសហប្រតិបត្តិការ (ផ្លូវមួយខ្សែក្រវ៉ាត់មួយ) តាមរយៈប្រព័ន្ធអនឡាញzoom។
វេទិកានេះបានជួយផ្សព្វផ្សាយសក្ដានុពលនានារបស់ខេត្តព្រះសីហនុដែលជាខេត្តស្ថិតនៅក្នុងតំបន់អភិវឌ្ឍគម្រោងនៃគំនិតផ្ដួចផ្ដើម “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់លោកប្រធានាធិបតី ស៊ីជីនពីង ជាពិសេសគឺការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្នុងវេទិកានេះផងដែរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានចូលរួមចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមទីក្រុងណានជីង ជាមួយបណ្ដាខេត្ត-ក្រុងមិត្តភាពអន្តរជាតិខេត្តជាំងស៊ូ និងថ្នាក់ដឹកនាំនៃខេត្ត-ក្រុងពាក់ព័ន្ធប្រមាណ៦៣ ខេត្ត-ក្រុង ដែលអញ្ជើញមកពី៤៤ ប្រទេស។