Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

រសៀលថ្ងៃពុធទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាណត្តិទី៥ ក្នុងបរិវេណវត្តអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងប្រកាសលេខ៣៦៧១ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក កៅ ឡេង ប្រធានក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ បានធ្វើការបេ្តជ្ញាចិត្ត៖
១-ប្តេជ្ញាគាំទ្រ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
២-គោរពរដ្ឋធម្មនុញ ច្បាប់ លិខិតបទដ្ឋានស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធិភាព គណ នេយ្យភាព
៣-ចូលរួមថែរក្សាការពារសមិទ្ធផលសង្គមជាតិ ការពារសុខសន្តិភាព និងសាមគ្គីផ្ទៃក្នុង
៤-ចូលរួមកែលំអរហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ អនាម័យ បរិស្ថានឱ្យកាន់តែប្រសើរ
៥-ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា
៦-ចូលរួមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
៧-ចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ
៨-អនុវត្តន៍ការងារនៅសេសសល់ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់
៩-ចូលរួមទប់ស្កាត់ជំងឺកូវីត-១៩ និងជម្រុញប្រជាពលរដ្ឋទៅចាក់វាក់សាំង
១០-គៀគរសប្បុរសជនចូលរូមក្នុងការអភិវឌ្ឍន៏ឃុំឱ្យមានការរីកចម្រើន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា តួអង្គស្នូលសំខាន់ចំនួន៥ ក្នុងការដឹកនាំឃុំឱ្យមានការអភិវឌ្ឍរីកចម្រើនបាននោះគឺ ទី១-មេឃុំ ២-ស្មៀនឃុំ ៣-ប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំ ៤-មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ៥-មេភូមិ។ ហើយតួអង្គ៥នេះ ត្រូវសហការគ្នាអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងកែប្រែលម្អឥរិយាបទ ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនត្រូវរើសអើង បែងចែកបក្សពួកគ្រួសារនិយម និន្នាការនយោបាយ បង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត ឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
ឯកឧត្តម អភិបាលខេត្ត បន្តថាក្រុមប្រឹក្សាឃុំអូរឧកញ៉ាហេងថ្មីទាំងអស់ ត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលមានលក្ខណៈសម្បត្តិ ៧យ៉ាង៖
១.ផ្តល់សេវាសាធារណៈ សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ
២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣.មានសណ្តាប់ធ្នាប់សាធារណល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព
៦.មានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ
៧.ឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងសាហាវប្រកបដោយប្រសិទ្ធិភាព។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតថ្មី ទោះបីលោក លោកស្រីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋ ក្នុងឃុំអូរឧញ៉ាហេង ដូច្នេះអាណត្តិទី៥នេះ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ផ្លូវបេតុង១ខ្សែជាចំណងដៃ សម្រាប់ឃុំអូរឧកញ៉ាហេង និងជម្រុញការចុះបញ្ជីដីធ្លីនៅក្នុងឃុំអូរឧកញ៉ាហេងឱ្យបានលឿន ព្រមទាំងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់គ្នា៕