ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ២ អាណត្តិទី៥ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅចំពោះមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ លោកស្រី សំរិទ្ធ សុខេមរា ចៅសង្កាត់លេខ២ បានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅ៖១.ប្ដេជ្ញារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ
២.ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឆាប់រហ័ស និងទាន់ពេលវេលា
៣.ប្តេជ្ញាធ្វើការអភិវឌ្ឍមូលដ្ឋានតាមផែនការកំណត់ និងតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ បទស្កាត់រាល់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងជឿទុកចិត្ត។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍អបអរសាទរ និងបានថ្លែងការកោតសរសើរដល់លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់លេខ២ អាណត្តិទី៥ ទាំង៩ រូបដែលទទួលបានការស្រឡាញ់ពេញចិត្ត និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៥ ខែមិថុនា កន្លងទៅនេះ។ ថ្វីត្បិតតែកាលពីពេលកន្លងទៅ បេក្ខជនឈរឈ្មោះបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញក៏ពិតមែន តែបន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ សមាជិកក្រុមប្រឹក្សាទាំង៩ រូប ត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋគ្រប់រូប និងមិនតំណាងឱ្យតែប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួនឡើយ។
លោកអភិបាលរង បានបន្តផ្តាំផ្ញើទៅ ចៅសង្កាត់ ស្មៀនសង្កាត់ មេភូមិ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌ វិជ្ជាជីវះ កែលម្អឥរិយាបទក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ពោលគឺ លើកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែមានភាពប្រសើរឡើង។