ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុស្តីពីការគ្រប់គ្រង និងបង្ការពិការភាពភ្នែក ឆ្នាំ២០២២-២០៣០” ដែលមានគោលបំណងចម្បង គឺប្រមូលធាតុចូលបន្ថែមទៀតដើម្បីបញ្ចប់សេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៅក្នុងខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនិយាយជារួម និងដោយឡែករដ្ឋបាលខេត្តព្រះសីហនុ បានកំណត់យកវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកពង្រឹងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ស្ថានភាពសុខភាពឱ្យកាន់តែប្រសើរ ដែលផ្តល់ឱកាសដល់ពួកគាត់អាចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ធនធានមនុស្ស និងកៀរគរការចូលរួមនិងឧបត្ថម្ភគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងក្នុង វិស័យសាធារណៈនិង ឯកជនផងដែរ។