រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ (J.A.Y LAW FIRM) និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក មានទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក ដូង លឿង ប្រធានក្រុមហ៊ុនមេធាវី ជេ អេ វ៉ាយ បានស្វាគមន៍ ការបើកសម្ពោធក្រុមហ៊ុននាពេលនេះ ដោយមើលឃើញខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងលើវិស័យវិនិយោគឯកជន ជាពិសេសការវិនិយោគរបស់ជនជាតិចិន ដែលដាក់ទុនវិនិយោគ និងប្រកបអាជីវកម្មកាន់តែច្រើន ត្រូវការសេវាកម្មច្បាប់រួមមាន៖
១- ប្រឹក្សាយោបល់អំពីច្បាប់គ្រប់ រឿងក្តី (ព្រហ្មទណ្ឌ, រដ្ឋប្បវេណី, ពាណិជ្ជកម្ម និងការងារ។ល។)
២-ទទួលប្រឹក្សា និងរៀបចំបំពេញ បែបបទស្នើសុំអាជ្ញាប័ណ្ណផ្សេងៗ និងចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម
៣-ផ្តល់មេធាវីប្រចាំក្រុមហ៊ុន ដើម្បីឱ្យដំណើរការស្របច្បាប់ និងជៀសផុតពីការពិន័យ ឬទទួលទណ្ឌកម្មតាមច្បាប់
៤- តាក់តែងកិច្ចសន្យា និងលិខិតបទដ្ឋានគ្រប់ប្រភេទតំណាងឱ្យភាគីចូលរួមចរចារកិច្ចសន្យា
៥-ទទួលធ្វើជាតំណាងរឿងក្ដីរដ្ឋប្បវណីគ្រប់ប្រភេទ និងនៅគ្រប់សមត្ថកិច្ចដោះស្រាយវិវាទ
៦-ទទួលការពារក្តីព្រហ្មទណ្ឌ ឬតំណាងឱ្យជនរងគ្រោះក្នុងរឿងក្តីព្រហ្មទណ្ឌនៅគ្រប់សាលាក្តី និងគ្រប់ស្ថាប័នមានសមត្ថកិច្ច។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរក្រុមហ៊ុនទាំងពីរ ដែលសម្រេចចិត្តរួម គ្នាបើកដំណើការអាជីវកម្មនៅខេត្តព្រះសីហនុ ក្នុងបរិយាកាសសមស្រប ដែលកម្ពុជាឆ្លងកាត់ជំងឺកូវីដ-១៩ និងពិភពលោក ហើយកម្ពុជាបានធ្វើការបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ។ កម្ពុជាកំពុងជំរុញគោលនយោបាយតាមរាជធានីខេត្ត ក្នុងនោះខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទន្ទឹមនោះក៏មានហេដ្ឋារចនាសម្ព៏ន្ធផ្លូវថ្នល់ជាច្រើនខ្សែត្រូវបានកសាងមានការអភិវឌ្ឍលឿន។
ឯកឧត្តមអភិបាលខេត្តបន្តថា ពិធីសម្ពោធថ្ងៃនេះ គឺជាសក្ខីភាពបានបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ខិតសេវាកម្មច្បាប់ឱ្យកាន់តែកៀកងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ក្នុងការស្វែងរកសេវាមេធាវី ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុនាពេលខាងមុខ សូមឱ្យក្រុមហ៊ុនទាំងពីរប្រកបអាជីវកម្មរកស៊ីទទួលទាននៅខេត្តព្រះសីហនុទទួលបានជោគជ័យ៕