ជំនួបពិភាក្សាជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រធាន និងអនុប្រធានមន្ទីរជំនាញបានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយលោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់ខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ប្រតិភូ IFC និងក្រុមការងារជំនាញមកកាន់ខេត្តព្រះសីហនុ និងបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិ-ឧ្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។ ខេត្តព្រះសីហនុ ជាខេត្តមាត់ច្រក ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់វែងជាងគេក្នុងទូទាំងប្រទេសដែលមានប្រវែង៣.៤០០ម៉ែត្រ មានកំពង់ផែសមុទ្រអន្តរជាតិ មានផ្លូវដែក និងជាពិសេសមានផ្លូវល្បឿនលឿនដែលមានប្រវែង១៩០គ.មតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ។
ដោយឡែកការវិនិយោគរបស់ក្រុមហ៊ុន AEON MALL Cambodia LOGIPLUS Co,LDT សាងសង់ឃ្លាំងស្តុបទំនិញលើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានបង្ហាញពីការតភ្ជាប់នៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងការជឿជាក់របស់ក្រុមហ៊ុនអន្តរជាតិលើសុខសន្តិភាពរបស់ប្រទេសកម្ពុជា។
លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីចក្ខុវិស័យឆ្នាំ២០៣០។ ការអភិវឌ្ឍន៍ខេត្កព្រះសីហនុនឹងធ្វើឡើងប្រកបដោយចីរភាព តាមរយៈការប្រែក្លាយទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ។
លោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA និងក្រុមការងារអ្នកជំនាញ IFC បានថ្លែងអំណរគុណលោកអភិបាលរងខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់ឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដោយសាររយ:ពេលពីឆ្នាំកន្លងមកនេះយើងមានការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យរាំងស្ទះដំណើរការចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍន៍ផ្សេងៗទៀត។ យើងសង្ឃឹមថាក្រោយពីចប់កូវីដយើងនឹងចាប់ដៃគូរសហការឱ្យបានឆាប់រហ័សតាមអ្វីដែលយើងអាចធ្វើទៅបាន។ តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ យើងនឹងមានឱកាសពិភាក្សាការងារជាច្រើនទៀតនៅពេលខាងមុខផងដែរ៕