រសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តព្រះសីហនុឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពសម្តេចពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាគណៈមហានិកាយ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម)។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ស្វាគមន៍ការបើកបវេសនការពុទ្ធកសិក្សាទូទាំងខេត្តព្រះសីហនុនាពេលនេះ គឺជាការផ្តល់ឱកាសដល់ព្រះសង្ឃបានសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ មានភាសាបាលី វិន័យសាសនារួមទាំងចំណេះដឹងទូទៅតាមនិយាមរបស់ក្រសួងធម្មការនិងសាសនា និងក្រសួងអប់រំយុវជននិងកីឡា ដើម្បីអភិវឌ្ឍន៍ធនធានព្រះសង្ឃទាំងបរិមាណ និងគុណភាព ដើម្បីឱ្យព្រះសង្ឃបានក្លាយទៅជាអ្នកចេះដឹង និងជាអ្នកដឹកនាំដ៏ល្អនៅថ្ងៃអនាគត ក៏ដូចជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ លើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។ ការផ្សព្វផ្សាយព្រះធម៌ របស់ព្រះពុទ្ធសាសនា មានសីល សមាធិ បញ្ញា ភាវនាអប់រំមហាជនឱ្យយល់ដឹង និងជ្រួតជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វៀរចាកអំពីបាប និងអំពើអបាយមុខផ្សេងៗស្គាល់គុណ ស្គាល់ទោសនឹងធ្វើឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព។ តាមរយៈពុទ្ធិកសិក្សា ខេត្តព្រះសីហនុទទួលបាននូវអ្នកមានចំណេះដឹង ជាពហុសូត្រ ដែលជាសរសរទ្រូងដ៏រឹងមាំ រួមចំណែកថែរក្សាការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ដែលជាអត្តសញ្ញាណជាតិការយកចិត្តទុក ដាក់ចំពោះវិស័យពុទ្ធិកសិក្សា។
លោកអភិបាលរងខេត្ត បានស្នើសុំឱ្យមន្ទីរធម្មការ និងសាសនាខេត្ត រួមជាមួយព្រះមេគុណខេត្ត ចាំបាច់ត្រូវតែពង្រីក និងពង្រឹងយកចិត្តទុកដាក់ឱ្យបានល្អប្រសើរទាំងក្នុងទីក្រុង និងជនបទ ព្រោះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នារូបរួមគ្នាការពារសេចក្ដីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធោវាទ ជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៌ និងស្មារតីជំរុញចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំនិងហិង្សា។
សម្តេចពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាគណៈមហានិកាយ មានសង្ឃដិការបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តព្រះសីហនុ ក្នុងនាមខ្ញុំអត្មាភាពសូមសំដែងមនោសញ្ចេតនាជាមួយអាជ្ញាធរខេត្ត និងពុទ្ធិកបឋមសិក្សា និងពុទ្ធិកអនុវិទ្យាល័យវត្តឥន្ទញ្ញាណ ដែលបានយកព្រះទ័យទុកដាក់ខិតខំសិក្សារៀនសូត្រ ទាំងអស់គ្នា។ សម្តេចព្រះសង្ឃគ្រប់ព្រះអង្គជាអ្នកទទួលបញ្ញើ ហើយបច្ច័យទាំងបួនកើតឡើងដោយធម៌គ្រប់ឥរិយាបទដែលព្រះសង្ឃប្រើប្រាស់ត្រូវពិចារណា ក្នុងពេលទទួលក៏ពិចារណា ក្នុងកាលកន្លងទៅក៏ពិចារណាដោយខំប្រឹងខ្លួនឯងឱ្យក្លាយទៅជាអ្នកចេះដឹងគឺយកចំណេះដឹងសំដែងប្រាប់ពុទ្ធបរិស័ទទូទៅឱ្យជ្រះថ្លាថែមទៀត។ ក្នុងន័យនេះ គឺញាំងជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង ហើយញាំងជនដែលជ្រះថ្លាហើយស្រាប់ ឱ្យរិតរឹង តែជ្រះថ្លាបន្ថែមទៀត។ យើងត្រូវចេះធ្វើទាន ធ្វើសីល ដើម្បីមានបញ្ញាក្លាយជាមនុស្សល្អក្នុងសង្គម ជាមាតាបីតា ជាម្លប់របស់កូនប្រុសស្រី។
សម្តេចពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីការណែនាំបន្ថែមដល់សមណៈសិស្សឲ្យគោរពបទបញ្ជាផ្ទៃក្នុងវត្ត និងវិន័យសាលាឱ្យបានល្អ ដើម្បីប្រតិបត្តិក្លាយជាសមណៈសិស្សសម្រាប់ព្រះពុទ្ធសាសនាផង សម្រាប់វត្ត ក៏ដូចជាពុទ្ធសាសនាទូទាំងខេត្តព្រះសីហនុ៕