នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាល០១នាក់ដែលរងរបួសជើង ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមជម្រាបជូនថា មន្ត្រីនគរបាលដែលរងរបួសជើង ក្នុងពេលចុះបំពេញបេសកកម្ម គឺលោកវរសេនីយិ៍ត្រី ងី បេឡា ជាអធិការរង នៃអធិការដ្ឋានក្រុងព្រះសីហនុ បានរងរបួសជើងខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លីនិកសេតេ(ដើមស្វាយ)។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការថែរក្សាការពារសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនៅក្នុងខេត្តព្រះសីហនុរបស់យើង។ ជាពិសេសមន្ត្រីនគរបាលរបស់យើងដែលរងរបួស ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ កាលយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយជាលទ្ធផលគឺយើងបង្ក្រាបបានជនប្រដាប់អាវុធទាំងនោះទាំងសំបុក។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជានិច្ចកាលតែងតែយកចិត្តទុកអំពីសុខទុក្ខរបស់កងកំលាំងក្រោមឱវាទ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់មន្ត្រីនគរបាលរបស់យើងដែលកំពុងសម្រាកព្យាបាលរបួស ឱ្យឆាប់បានជាសះស្បើយ ព្រមទាំងបានផ្តល់ជូនថវិកាឧបត្ថម្ភដូចខាងក្រោម៖
-សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចំនួន ៥០០០០០០៛(ប្រាំលានរៀល)
-ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន និង លោកជំទាវ ចំនួន៥០០០០០០៛(ប្រាំលានរៀល)
-ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តចំនួន៣០០០ដុល្លា (បីពាន់ដុល្លា)
-ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងលោកជំទាវចំនួន៤០០០០០០៛(បួនលានរៀល)
-លោកឧកញ៉ា ឡាវ កាំង និងលោកជំទាវចំនួន១០០០ដុល្លា (មួយពាន់ដុល្លា) ដើម្បីទុកព្យាបាលរបួស។